ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណងជិត ១៤លានដុល្លារ ដល់កម្ពុជា (Video)

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១ ៥០០លានយ៉េន (ប្រមាណ ១៣,៩លានដុល្លារ) ដល់កម្ពុជា សម្រាប់អនុវត្ត គម្រោងបំពាក់គ្រឿងចក្រ លើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៥ ធ្នូនេះ បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពី ការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១ ៥០០លានយ៉េន (ប្រមាណ ១៣,៩លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្ត គម្រោងបំពាក់គ្រឿងចក្រ លើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ផ្ទាំងពាណិជ្ជកម្ម

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ៕

To Top