ព័ត៌មានជាតិ

គយ ប្រមូលថវិកា ពីរថយន្តគ្មានពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗ បានជាង ២៧លានដុល្លារ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីវឌ្ឍនភាពនៃការអនុវត្ត ការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ថវិកាពីការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ ក្នុងប្រទេសបានជាង ២៧លានដុល្លារ ដែលក្នុងនោះមានរថយន្ត សរុបមកបង់ពន្ធចំនួន ២៦១៩គ្រឿង (ទាំងឆ្វេងនិងស្តាំ) ។

សម្រាប់រថយន្តគ្មានពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗ ខណៈជិតដល់ពេល ផុតកំណត់នៃការបង់ពន្ធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញនៅព្រឹកថ្ងៃ១៥ ធ្នូ នេះ បានអំពាវនាវចំពោះម្ចាស់រថយន្ដ មិនទាន់បានបង់ពន្ធអញ្ជើញ មកបង់ពន្ធឲ្យបានរួសរាន់ ដើម្បីទទួលបាននូវការអនុគ្រោះ ១០% ។ សម្តេចក៏មិនអនុញ្ញាតឲ្យមានរថយន្ដ ចង្កូតស្ដាំចរាចរលើដងផ្លូវផងដែរ ប្រសិនដល់កំណត់។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្មីៗនេះ បានប្រកាសពីការ អនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើ រថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលកំពុង ជ្រកក្រោមផ្លាកលេខផ្សេងៗ ។ ដោយបានធ្វើការរំលឹកដល់ ម្ចាស់រថយន្តពាក់ព័ន្ធមកបង់ពន្ធ ព្រោះអនុគ្រោះបន្ធូរបន្ថយ ប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ប៉ុណ្ណោះ ៕

To Top