ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ គាំទ្រដល់ការសាងសង់ កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ឃុំជើងគោ ស្រុកព្រៃនប់

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ​ ទីតាំងស្នើសុំសាងសង់កំពង់ផែ​ ទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការចុះពិនិត្យទីតាំង ស្នើសុំសាងសង់កំពង់ផែ ទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែងមានស្ថានភាព ទីតាំងដីនៅតំបន់នេះ បានចុះបញ្ជីជាលក្ខណៈ ប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ ចំណែកឯម្ចាស់សំណើ បានអះអាងថា នឹងចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិចទឹក នៅតាមព្រែកកំពង់ស្មាច់នេះផងដែរ។ ដោយបច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទ ព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើ ឆ្នាំ២០០២។

ផ្អែកទៅតាមរបាយការណ៍ របស់ក្រុមការងារ ជំនាញបានបញ្ជាក់ថា ការសាងសង់ផែទូកទេសចរណ៍ លក្ខណៈជាផែទូកតូចៗ ពុំមានបង្កឱ្យស្ទះ ដល់លំហូរទឹក ក្នុងព្រែកកំពង់ស្មាច់នោះទេ ដោយឡែកអាចធ្វើឱ្យមានការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នៅតំបន់នេះកាន់តែច្រើន។

លោក គួច ចំរើន អភិបាលខេត្ត បានគាំទ្រ លើគម្រោងសាងសង់ កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ និងបានលើកឡើងថា​ កំពង់ផែនេះអាចនឹងផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់វិស័យទេសចរណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែក ក្នុងការការពារ និងអភិរក្សព្រៃលិចទឹក នៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ ពិសេសសហគមន៍មូលដ្ឋាន អាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍ បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ច តំបន់ព្រៃលិចទឹក នៅតាមដងព្រែកបានផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់លោកឧកញ៉ាម្ចាស់សំណើ ត្រូវធ្វើការសិក្សាពីបច្ចេកទេស នៃការសាងសង់ផែទូកនេះ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់ ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះលោកអភិបាលខេត្ត និងក្រុមការងារជំនាញ​ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងមានសម្រស់ដ៏ទាក់ទាញ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ៕

To Top