ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ឲ្យមន្រ្តីរបស់ខ្លួន ត្រូវបន្តសិក្សាស្រាវជ្រាវ និងឈ្វេងយល់បន្ថែមទៀត​ អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ នៃ ប.ស.ស. បានសង្កត់ធ្ងន់ថា ក្នុងនាមមន្រ្តី បុគ្គលិក ដែលជាអ្នកបម្រើសេវាជូនសមាជិក ប.ស.ស. ទូទាំងរាជធានី ខេត្ត-ខណ្ឌ ត្រូវតែពង្រឹងសមត្ថភាព បន្តសិក្សាស្រាវជ្រាវ និងឈ្វេងយល់ ឱ្យកាន់តែច្បាស់បន្ថែមទៀត អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹង កិច្ចការងាររបស់ខ្លួន ដើម្បីយកមកប្រើប្រាស់ ក្នុងការបំពេញការងារ ជូនអង្គភាព និងសង្គមជាតិទាំងមូល។

លោកអគ្គនាយក បានថ្លែងបន្តថា៖ ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណាបម្រើសេវា​ ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយក្រមសីលធម៌ល្អ ទន់ភ្លន់ ម៉ឺងម៉ាត់ ជាមួយនឹងទំនួលខុសត្រូវខ្ពស់ បើទោះបីជាកន្លងមកបានអនុវត្ត ការងារសម្រេចបានលទ្ធផល ល្អប្រសើរយ៉ាងណាក៏ដោយ។

លោកអគ្គនាយក ក៏បានបន្តជម្រុញ លើកទឹកចិត្តឲ្យលោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប្រធាននាយកដ្ឋាន និងគ្រប់សាខាខេត្ត-ខណ្ឌ ទាំងអស់បន្តដឹកនាំ អនុវត្តន៌ការងារ ក៌ដូចជាគោរពវិន័យ និងត្រូវពន្លឿនក្នុងការ ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ឲ្យបានទាន់ពេលវេលា ជាពិសេសការផ្តល់ការ សម្របសម្រួល ឲ្យបានទាន់ពេលវេលា ចំពោះបងប្អូនដែលជាសមាជិក ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។

ក្នុងឱកាសនោះលោកអគ្គនាយក បានណែនាំឲ្យ ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកទាំងអស់ ចូលរួមបន្ដអនុវត្តនូវវិធាន “៣ការពារ ៣កុំ” ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល ឆ្លើយតបទៅនឹង អនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាព ជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យខ្ពស់ ឈានទៅរកការ បើកដំណើរការឡើងវិញ គ្រប់វិស័យទាំងអស់។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងចូលដោយផ្ទាល់៕

To Top