ព័ត៌មានជាតិ

មេគយរំពឹងថា អ្នកមកបង់ពន្ធយានយន្ត នឹងមានសន្ទុះខ្លាំង នៅចុងខែធ្នូនេះ

ភ្នំពេញ៖ ខណៈដែលឱសានវាទ សម្រាប់ការបន្ធូរបន្ថយ ១០% លើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេសខិតជិតមកដល់ ពោលនៅសល់ពេលកន្លះខែទៀតនោះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា នឹងមានកំណើនជាងមុន ស្របពេលដែលនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មី ឲ្យអ្នកមានកាតព្វកិច្ច មិនទាន់ចូលខ្លួនមកបង់ពន្ធ រួតរះឲ្យបានមុនថ្ងៃទី៣១ធ្នូនេះ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីវឌ្ឍនភាពនៃការអនុវត្ត ការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តាមប្រព័ន្ធ Zoom អគ្គនាយកគយ បានលើកឡើងថា គិតចាប់តាំងពីអនុវត្តការងារនេះមក ម្ចាស់រថយន្តគ្មានពន្ធ ដែលបាននាំរថយន្តរបស់ខ្លួន មកបង់ពន្ធរថយន្តនិងអាករនោះ មានរថយន្តចង្កូតឆ្វេង ត្រឹមថ្ងៃទី១៤ ខែធ្នូ មានចំនួន ១៣៥៩គ្រឿង ដែលបានទឹកប្រាក់ប្រមាណជា ៧១ប៊ីលាន៦៤០លានរៀល (ប្រមាណជាង១៧លានដុល្លារ)។ ដោយឡែករថយន្តចង្កូតស្តាំ ដែលម្ចាស់ត្រូវនាំយកមកបង្ហាញ មន្ត្រីគយមានសមត្ថកិច្ច ដើម្បីកក់ប្រាក់ពន្ធនិងអាករ ហើយបន្ទាប់មកយករថយន្តនោះទៅកែចង្កូត មានចំនួន ១៥០០គ្រឿង (កែចង្កូតរួចរាល់២៤០គ្រឿង) បានប្រាកកក់ ប្រមាណជា ៤៣ប៊ីលាន៨៧៣លានរៀល និងប្រមាណជា ជិត១១លានដុល្លារ ។

លោកបានបញ្ជាក់ទៀតថា ឱសានវាទនៃការទទួលបានការអនុគ្រោះ ជាពិសេសរថយន្តចង្កូតឆ្វេង គឺវាជិតដល់ហើយ នៅសល់តែ១៥ថ្ងៃទៀតទេ គឺត្រឹមថ្ងៃទី៣១ធ្នូ ការអនុគ្រោះពន្ធ១០%នោះ គឺចប់ ចឹងហើយយើងឃើញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ខែធ្នូម្សិលមិញនេះ យើងឃើញថា ចំនួនរថយន្តទាំងស្តាំទាំងឆ្វេងនេះ គឺថាបាននាំយកមកបង់ពន្ធ និងតម្កល់ប្រាក់ បានច្រើនមែនទែន ។

លោកក៏បានបង្ហាញថា ពីមួយខែទៅមួយខែ ចំនួនម្ចាស់រថយន្តដែលគ្មានពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗទាំងនោះ បានចូលមកបង់ពន្ធជាបន្តបន្ទាប់ នឹងមានការកើនឡើងបន្តិចម្តងៗផងដែរ ។

លោក គុណ ញឹម បានឲ្យដឹងថា “យើងរំពឹងថា សង្ឃឹមថា អាចនៅក្នុងខែ១១ ឬ១២ ជាពិសេសនៅខែ១២នេះ ដែលជាខែចុងក្រោយនៃការផ្តល់ការអនុគ្រោះ ពន្ធអាករ ១០%នោះ រំពឹងថា ម្ចាស់យាន្តយន្ត នឹងនាំរថយន្តរបស់ខ្លួន មកបង់ពន្ធអាករបានច្រើន ចឹងហើយយើងមើលតួរលេខពីថ្ងៃទី១ ខែធ្នូ ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ខែធ្នូវិញ គ្រាន់តែ រយៈពេល២សប្តាហ៍ នៃខែធ្នូនេះ រថយន្តចង្កូតឆ្វេងនាំចូលមកបង់ពន្ធអាករនេះ មានរហូតដល់ ៤៦៥គ្រឿង ខែវិច្ឆិកា មានតែ ៥១២គ្រឿង តែ២សប្តាហ៍សោះ គឺមានជិតស្មើ បើនិយាយទៅវាមានប្រមាណជា៩០%នៃខែវិច្ឆិកាទាំងមូលទៅហើយ” ។

ឆ្លៀងក្នុងឱកាសនោះដែរ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ នៅតែបន្តអំពាវនាវ ឲ្យម្ចាស់យាន្តគ្មានពន្ធរបស់ឯកជន ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ទាំង ខ.ម និង ន.ប ឲ្យរួសរាន់បំពេញកាតព្វកិច្ចបង់ពន្ធនិងអាករ ឲ្យបានមុនថ្ងៃឱសានវាទ ពុំដូច្នេះទេ ស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ ទាំងការបង្រ្កាបនិងពិន័យធ្ងន់ធ្ងរថែមទៀត សម្រាប់រថយន្តចង្កូតឆ្វេង ដោយឡែករថយន្តចង្កូតស្តាំ ក្នុងករណីបង្ក្រាប់បានកំពុងចរាចរណ៍លើដងផ្លូវ នឹងត្រូវដកហូតដើម្បីបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោលតែម្តង៕

To Top