ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អបអរលទ្ធផលដែលសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសម្រេចបាន និងជំរុញអោយខិតខំបន្ត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសំដែងការអបអរ ដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត សម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ ២០២១ និងបានជម្រុញឲ្យខិតខំ បន្តអនុវត្តន៍សកម្មភាព របស់ខ្លួនថែមទៀត ក្នុងការបំរើប្រជាជន ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀល ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅបន្តសម្រាប់ ឆ្នាំ២០២២ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលមាន លោកស្រី ញូង ចរិយា ជាប្រធាន និងសមាជិកទាំងអស់ ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំកិច្ចប្រជុំនាឱកាសរនះ សំរាប់បងប្អូនជាសមាជិកសមាគម បានជួបជុំស្តាប់របាយកាណ៍ពិនិត្យ និងវាយតម្លៃទៅលើលទ្ធផលសកម្មភាព ដែលសាខាសមាគមអនុវត្តបាននាពេលកន្លងទៅ និងពិនិត្យមើលទៅលើបញ្ហាប្រឈម និងរកវិធីសាស្ត្រដើម្បីដោះស្រាយ ដែលសកម្មភាពនេះ គឺជាការផ្សាភ្ជាប់រវាងសាខា និងអនុសាខាទាំងអស់ផងដែរ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា “ខ្ញុំសូមយកឱកាសនេះដែរ ដើម្បីសំដែងនូវការអបអរសាទរចំពោះបងប្អូននារី ដែលត្រូវបានរាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹង និងបានទទួលស្គាល់ពីសមត្ថភាព ទាំងចំណេះដឹង ជំនាញ និងឧត្តមភាព ព្រមទាំងសក្តានុពលរបស់ស្ត្រី ដែលធនធានទាំងនោះ សុទ្ធសឹងជាធាតុចូលយ៉ាងសំខាន់សម្រាប់រួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គម ហើយក៏ជាកត្តារួមចំណែក ធ្វើឱ្យមានសុខសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅក្នុងសង្គមជាតិ ” ។សុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាព នោះគឺពិតជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែង ។

លោកអភិបាលខេត្តបន្តថា កិច្ចប្រជុំនេះ ក៏ជាការរួមគ្នាប្រជុំពិភាក្សាព្រមជាមួយការទទួលយកបទពិសោធន៍រវាងគ្នានឹងគ្នា សំរាប់បន្តអនុវត្តន៍សកម្មភាព នាពេលខាងមុខ ឲ្យបានកាន់តែល្អ និងប្រកបដោយជោគជ័យ ក៏ដូចជាការឆ្លើយតបជាមួយសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំ ព្រមជាមួយនិងការផ្តល់អនុសាសន៍ដ៏មានខ្លឹមសារ និងអត្ថន័យ សំរាប់ការអនុវត្តន៍ការងាររបស់សមាគមនារី ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ក្នុងការបំរើប្រជាជនទៅថ្ងៃខាងមុខ ៕

To Top