នយោបាយ

អតីតមន្រ្តីចារកម្មរុស្ស៊ី ទស្សនកិច្ចកម្ពុជា ស្របពេលប្រមុខការទូតអាមេរិក ឈានជើងចូលតំបន់ អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ស្របពេលដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ឈានជើងចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតការរួបរួម ទប់ទល់នឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គេក្រឡេកឃើញអតីតមន្ត្រីចារកម្មរុស្ស៊ី លោក Nikolai Patrushev ទស្សនកិច្ចនៅកម្ពុជា នឹងបានចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។

ដោយឡែកកាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក បានចាត់បញ្ជួន ទីប្រឹក្សាក្រសួងការបរទេស លោក Derek Chollet មកជួបប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ដល់ទីក្រុងភ្នំពេញ ដោយបានលើកឡើងពី តួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងពិភាក្សាពីបញ្ហាតំបន់និងប្រទេសភូមាផងដែរ។

លោក ស៊ាន វិសុទ្ធ អតីតប្រធានរដ្ឋបាលសាលាក្តី កូនកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម បានបង្ហាញនូវចំណាប់អារម្មណ៍ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា « យើងពិតជាមានការភ្ញាក់ផ្អើលដោយ សារលោក Nikolai Patrushev ស្រាប់តែមកធ្វើទស្សនកិច្ចចំនួន៣ថ្ងៃ ១៤-១៦ធ្នូ ២០២១ នៅកម្ពុជាហើយថ្ងៃនេះបាននាំមកនូវគ្រឿងឥស្សរិយយសរដ្ឋថ្នាក់ “មិត្តភាព” ជូនសម្តេចនាយករដ្ឋមន្ត្រីនៅវិមានសន្តិភាពផង។ តើ លោក Nikolai Patrushev ជានរណា?»។

លោកបានឱ្យដឹងថា យើងដឹងត្រឹមថាលោក Nikolai Patrushev ជាអគ្គលេខា ធិការក្រុមប្រឹក្សាសន្តិសុខរុស្សី ចាប់ពីឆ្នាំ២០០៨មក។ ក្រុមប្រឹក្សាសន្តិសុខ សហពន្ធ័រុស្សី គឺជាស្ថាបន័ស្របតាមរដ្ឋធម្ម នុញ្ញ របស់ប្រ ធានា ធិបតីរុស្សី ដែលធ្វើកិច្ចការទាក់ទង ទៅនិងសេចក្តីសំរេច របស់ប្រ ធានា ធិបតី លើការងារសន្តិសុខ និងផល ប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ជាតិ។ ដោយមានសមាសភាព មកពីមន្ត្រីជាន់ខ្ពស់ របស់រដ្ឋនិងប្រធានទីភ្នាក់ងារ ការពារជាតិនិងសន្តិសុខ ជាតិ ក្រុមប្រឹក្សាសន្តិសុខ សហពន្ធ័រុស្សី គឺជាស្ថាប័នសំរបសំរួល និងច្របាច់បញ្ចូលគោលនយោបាយ សន្តិសុខជាតិ ក្រោមប្រធានាធិបតី។

លោកបន្ថែមថា កាលពីខែសីហា ឆ្នាំ១៩៩៩ លោក Patrushev ត្រូវបានតែងតាំងជាប្រធាន FSB (អង្គការចារកម្មរុស្សីបន្តពី KGB) ជំនួ មិត្តរបស់លោកគឺលោកពូទីន ដែលត្រូវទ្បើងទៅកាន់តំណែងថ្មី ជាឧបនាយករដ្ឋមន្ត្រីទី១ ជំនាន់ប្រធានាធិបតីយែលស៊ីន។

លោកថា ក្រោយសហពន្ធ័រុស្សី ធ្វើឧបសម្ពន្ធដែនដី គ្រីមេ លោក Patrushev បានឋិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់សហគមន៍អឺរ៉ុប។ ក្នុងឆ្នាំ២០១៨ លោក Patrushev ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់អាមេរិក ជាមួយនិងមន្ត្រីរុស្សី២៣រូបទៀត។

លោក ស៊ាន វិសុទ្ធ បញ្ជាក់ថា «តាមប្រភពលោកខាងលិច លោក Patrushev ជាមនុស្សជំនិតម្នាក់ របស់លោកពូទីន ដែលមានឥទ្ធិពលខ្លាំង លើយុទ្ធសាស្ត្រនយោបាយការបរទេសរុស្សី។

លោកបន្ថែមថា «តើវាជាការចៃដន្យឬដែលទស្សនកិច្ចនេះ ជួនគ្នានិងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken មកកាន់ឥណ្ឌូនេស៊ី ម៉ាទ្បេស៊ីនិងថៃ? »៕

សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងប្រទេសថៃ ក្នុងដំណើរទស្សនកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ដំបូង របស់លោក ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងក្នុងខែមករាមក។

គួរបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាសមរភូមិយុទ្ធសាស្ត្រមួយ រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោក៕

To Top