ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។
យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។
តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕