ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកសម រង្ស៊ី និង គូកន ដែលជា អតីតជាអ្នកតំណាងរាស្ត្រ និង ជាថ្នាក់ដឹកនាំក្រុមឃុំ-សង្កាត់ និង ស្រុក ជាប់ឆ្នោតរបស់អតីត នៃ គណ:បក្សសង្គ្រោះជាតិ សរុបចំនួន ២១ នាក់ ក្នុង សំណុំរឿងព្រហ្មទណ្ឌ ផ្សេងមួយទៀត ជាប់ពាក់ព័ន្ធនឹងការរួម គំនិតក្បត់ និង ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានមេធាវីការពារក្តីចាត់តាំងរបស់ជនជាប់ចោទ ទាំងអស់ បានចូលរួមផងដែរ។
យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) និង អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣ នាក់ផ្សេងទៀត។
ជនជាប់ចោទទាំង២១នាក់ ខាងលើនេះត្រូវបានជាប់ចោទពីបទ « រួមគំនិត ក្បត់ » និង « ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ នេះទៀត។
គួររំលឹកថា កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ ក៏បាន កាត់ទោសកំបាំង ជនជាប់ចោទ ជាគូកន ផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់គុក ក្នុង ម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕
ដោយ រស្មី អាកាស