ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អនាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប។ នេះបេីយោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនូវកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ ក្រសួងមហាផ្ទៃ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានចុះដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។
សម្ដេចតេជោ មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃ តំបន់បឹងទន្លេសាប»។
សម្ដេចតេជោ បញ្ជាឱ្យដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕