ព័ត៌មានជាតិ

កម្ពុជា​ប្ដេជ្ញា​សហការជិតស្និទ្ធ ជាមួយសមាជិកអាស៊ាន ដើម្បីរក្សាសន្តិភាពក្នុងតំបន់

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានប្រកាស​នឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន​ ទាំង១០ និងដៃគូដទៃទៀត។

យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ «ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំង ធ្វើឱ្យអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់»។

នាឱកាសនោះដែរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បានលេីកឡេីងថា​ រាជរដ្ឋាភិបាលកម្ពុជា កំណត់នូវជំហរក្នុងការគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវ ឈរលើគោលការណ៍៣យ៉ាង គឺ៖ ទី១-ត្រូវតែផ្ដល់ផលប្រយោជន៏សម្រាប់សន្តិភាពនិងការអភិវឌ្ឍ ទី២-មិនប្រឆាំងនឹងប្រទេសណាមួយ និង ទី៣-ត្រូវគោរពនិងផ្ដល់ការគាំទ្រសម្រាប់មជ្ឈភាពរបស់ អាស៊ាននិងទស្សនាទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន៕

To Top