ព័ត៌មានជាតិ

ជំងឺគ្រុនក្តៅម្យ៉ាងឈ្មោះថា Lassa សម្លាប់មនុស្សអស់៨០នាក់ នៅនីហ្សេរីយ៉ា

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា ហៅកាត់ថា (NCDC) បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបចំនួន៨០នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីការរីករាលដាលនៃជំងឺគ្រុនក្តៅម្យ៉ាងឈ្មោះថា Lassa នៅក្នុងប្រទេសអាហ្វ្រិកមួយនេះដែលមានប្រជាជនច្រើនបំផុតរហូតមកដល់ពេលនេះ ។


សេចក្តីថ្លែងការណ៍របស់ NCDC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីជំងឺគ្រុនក្តៅ Lassa សរុបចំនួន៤៣៤នាក់ត្រូវបានរាយការណ៍ពីរដ្ឋចំនួន១៧និងតំបន់រដ្ឋធានីសហព័ន្ធក្នុងប្រទេស នៅចន្លោះខែមករាដល់ថ្ងៃទី៨ ខែធ្នូ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន៨០នាក់ត្រូវបានកត់ត្រាទុក ។

ជំងឺគ្រុនក្តៅ Lassa គឺជាជំងឺដែលឆ្លងដល់មនុស្សតាមរយៈអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះដែលកខ្វក់ជាមួយនឹងទឹកនោម ឬលាមកសត្វកកេរ ។

NCDC បានឲ្យដឹងថា ខ្លួនបានពង្រីកសកម្មភាពរបស់ក្រុមការងារបច្ចេកទេសជំងឺគ្រុនក្តៅ Lassa ពហុវិស័យ និងពហុវិន័យជាតិ ហើយបានបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ សម្រាប់ការតាមដាន និងឆ្លើយតបជំងឺគ្រុនក្តៅ Lassa យ៉ាងត្រឹមត្រូវនៅក្នុងប្រទេស។

ជំងឺគ្រុនក្តៅ Lassa ត្រូវបានគេរាយការណ៍ថា ឆ្លងនៅពេលដែលទឹកមាត់ ទឹកនោម និងការបញ្ចេញរបស់សត្វកណ្ដុរមកប៉ះមនុស្ស ។ ក្នុងករណីខ្លះ ជំងឺគ្រុនក្តៅ Lassa មានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនចាញ់ដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top