ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើស រំលោភទន្រ្ទានដីព្រៃលិចទឹក តំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹក និងទន្រ្ទានយកដី ដោយខុសច្បាប់ ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ បានប្រមូលយកដីចំនួន ១៥០ហិកតា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១២ឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ បានធ្វើសំណើរមួយច្បាប់ ទៅកាន់លោក អ៊ុង អឿន ដែលកាលនោះកាន់តំណែង ជាអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអនុញ្ញាតប្រើប្រាស់ដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យយោធាខេត្តដុងថាប់ ភូមិភាគទី៩ នៃកងទ័ពប្រទេសវៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា។
សំណើរដដែលបានឲ្យដឹងថា ដីស្រែខាងលើនេះ គឺវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន (២០១២) ហើយដីនេះពុំមានជាប់ពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋនោះឡើយ។
តាមរយៈឯកសារកិច្ចសន្យាទិញលក់ដី បានឲ្យដឹងថា ក្រោយស្នើសុំបានដី១៥០ហិកតាខាងលើនេះ ពីរដ្ឋបាលខេត្តរួចហើយ ឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យ មិនបានយកដីទាំងនោះ ទៅឲ្យកងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វនោះទេ ផ្ទុយទៅវិញឧត្តមសេនីយ៍ ភ្លន់ តារា បានយកដីទាំងនោះទៅលក់ឲ្យឈ្មួញ ចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូលលុយបានអស់ នៅក្នុងឆ្នាំ២០១៨៕