ភ្នំពេញ ៖ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី បានថ្លែងថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។
ការថ្លែងរបស់លោក Nikolai Patrushev ធ្វើឡើងក្នុងជំនួបពិភាក្សា ការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១៦ ធ្នូ ។
ក្នុងជំនួបនេះដែរ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច ដ៏កក់ក្តៅរបស់គណៈប្រតិភូជាន់ខ្ពស់ ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនាពេលនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យយោធា កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងស្មារតីភាពមិត្តភាពជាប្រពៃណី ព្រមជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ។ មេបញ្ជាការកងទ័ពជើងគោក ក៏បានសម្តែងការសោកស្តាយ ចំពោះការអាក់ខាននៃសកម្មភាព សហប្រតិបត្តិការក្នុងរយៈកាល ២ ឆ្នាំកន្លងមកនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ចាប់ពីពេលនេះតទៅ អ្វីៗនឹងអាចមានសន្ទុះដំណើរការឡើងវិញ ស្របតាមទិសដៅផែនការ ដែលបានដាក់ចេញ ។
លោកលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានសម្តែងការពេញចិត្តចំពោះ សក្តានុពលជាវិជ្ជមាននៃការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការផ្នែកយោធា រវាងប្រទេសទាំងពីរ និងបញ្ជាក់ថា «កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ» ។
លោកក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់សហព័ន្ធរុស្ស៊ី ក្នុងការជំរុញទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រឆាំងភេរវកម្ម សន្តិសុខព័ត៌មានអន្តរជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី និងជាសមាជិកគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ លើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តសកម្មភាព កិច្ចសហប្រតិបត្តិការនានា ជាពិសេសការជួយដល់ កងទ័ពជើងគោកកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស លើមុខជំនាញផ្សេងៗ។
គួរបញ្ជាក់ថា នេះជាជំនួបលើកទី២ រវាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយលោក Nikolai Patrushev និងនាយឧត្តមសេនីយ៍ Oleg Salyukov បន្ទាប់ពីជំនួបលើកទី១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់លោក ហ៊ុន ម៉ាណែត នៅរដ្ឋធានីម៉ូស្គូ ក្នុងឆ្នាំ២០១៩ កន្លងទៅ។ នៅឆ្នាំ២០២២ ខាងមុខនេះ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏គ្រោងនឹងជួបគ្នាម្តងទៀត ដើម្បីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការជំរុញសន្ទុះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃ ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ៕