ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះ គឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមាន ពាក់ព័ន្ធធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេច COC ឲ្យបាន។

ក្នុងឱកាសអនុញ្ញាតឲ្យ លោកឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោបានលើកឡើង អំពីគោលដៅសំខាន់ ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន រួមមាន ៖ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជន និងប្រជាជននៅអាស៊ាន, ពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាស៊ាន។

សម្ដេចបញ្ជាក់ថា «ជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះគឺ ជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមានពាក់ព័ន្ធ ធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឲ្យបាន»។

ឆ្លៀតឱកាសនោះ លោក ដន ប្រាម៉ាត់វីណៃ ក៏បានគោរពសូមស្វែងយល់ពីសម្ដេចតេជោ អំពីគោលដៅនៃការដឹកនាំអាស៊ាន នាឆ្នាំ២០២២ ខាងមុខ។

ជាងនេះទៅទៀត លោក បានអបអរសាទរចំពោះ សម្តេចតេជោដែលបានទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាក់សាំង ជូនប្រជាជនជាង ៩០ភាគរយ។ លោក ក៏បានអបអរសាទរចំពោះ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស៕
