ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងប្រចំាកម្ពុជា លោកហ្សាក់ ពើឡេ (Jacques Pellet) បានលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជា នឹងជំរុញឲ្យរដ្ឋសភាប្រទេសទំាងពីរ បន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ ។
ការលើកឡើងរបស់លោកទូត ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី១៧ធ្នូ ។ សម្តេច ហេង សំរិន បានលើកឡើងថាកម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ជាយូរលង់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានបន្តពង្រឹង និងពង្រីកជាលំដាប់ រហូតមកទល់បច្ចុប្បន្ន។
លោក ហ្សាក់ ពើឡេ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាង ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។
លោកទូតគូសបញ្ជាក់ថា “ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឲ្យរដ្ឋសភាបារំាង និងកម្ពុជាមានលទ្ធភាពនៅក្នុងការជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្ អជាមួយគ្នាបន្តទៀត នៅក្នុងនោះមានការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង” ។
លោក ហ្សាក់ ពើឡេ ក៏បានសម្តែងការពេញចិត្ត និងអបអរសាទរចំពោះ ការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា ។
លោកទូតឲ្យដឹងទៀតថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសភាកម្ពុជាផងដែរ។
លោក ហ្សាក់ ពើឡេថា បារំាងនៅតែបន្ត កិច្ចសហប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត ៕ សំណាង