ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចដ៏កក់ក្តៅរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី នាពេលនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យយោធា កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងស្មារតីភាពមិត្តភាពជាប្រពៃណី ព្រមជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ លោក ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះការអាក់ខាននៃសកម្មភាពសហប្រតិបត្តិការក្នុងរយៈកាល ០២ ឆ្នាំកន្លងមកនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ចាប់ពីពេលនេះតទៅ អ្វីៗនឹងអាចមានសន្ទុះដំណើរការឡើងវិញ ស្របតាមទិសដៅផែនការដែលបានដាក់ចេញ។
លោក Nikolai Patrushev បានសម្តែងការពេញចិត្តចំពោះសក្តានុពលជាវិជ្ជមាននៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្តទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់សហព័ន្ធរុស្ស៊ីក្នុងការជំរុញទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងភេរវកម្ម, សន្តិសុខព័ត៌មានអន្តរជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ក្នុងឱកាសនោះផងដែរ លោក នាយឧត្តមសេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី និងជាសមាជិកគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះ លោកហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនានា ជាពិសេសការជួយដល់កងទ័ពជើងគោកកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញផ្សេងៗ។
គួរបញ្ជាក់ថា នេះជាជំនួបលើកទី២ រវាង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងលោក Nikolai Patrushev និងលោក នាយឧត្តមសេនីយ៍ Oleg Salyukov បន្ទាប់ពីជំនួបលើកទី១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ លោក ហ៊ុន ម៉ាណែត នៅរដ្ឋធានីម៉ូស្គូ ក្នុងឆ្នាំ២០១៩ កន្លងទៅ។ នៅឆ្នាំ២០២២ ខាងមុខនេះ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏គ្រោងនឹងជួបគ្នាម្តងទៀត ដើម្បីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរ វាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការជំរុញសន្ទុះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ។