ភ្នំពេញ ៖ មន្ទីរប្រឆាំងអំពើពុករលួយ (ACU) កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ឃាត់ខ្លួន និង បញ្ជូន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និង លោកវរសេនីយ៍ឯក កែវ ណារុន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធកនឹង ករណីរំលោភយកដី ព្រៃលិចទឹកដី ជាង២០០០ ហិកតា នៅក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ និង អង្គភាពប្រឆាំងអំពើពុករលួយ ចាំឃាត់ខ្លួន តាមដីការបស់តំណាងអយ្យការ កាលពីថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ ជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ និង រំលោភយកដីព្រៃលិចទឹក ជាង២០០០ ហិកតា នៅក្នុងតំបន់បឹងទន្លេសាប។
ពួកគេត្រូវបានជាប់ចោទ ដោយសង្ស័យពីបទ: ការទន្រ្ទានកាន់កាប់ដីធ្លីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខ្លួន និង អាចប្រឈមនឹងការជាប់ទោស នៅក្នុងពន្ធនាគារ យ៉ាងតិច ៥ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ឋភាព។
បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរ គឺទាំងលោកស៊ំ សុជាតិ និង លោកកែវ ណារុន កំពុងតែត្រូវបាន សាកសួរ នៅតែឯ សាលាដំបូងរាជធានីភ្នំពេញ
នៅឡើយ៕
ដោយ: រស្មី អាកាស