ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-វៀតណាម នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយលោក  ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ ធ្នូនេះ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្ត កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។

បើទោះបីជាមានការ រីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ តាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណីនិងភាពជាអ្នក ជិតខាងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជននៃប្រទេស ទាំងពីរ៕

To Top