ព័ត៌មានជាតិ

កាសែត ដើមអម្ពិល ប្រារព្ធខួបអនុស្សាវរីយ៍ ១៥ឆ្នាំ

ភ្នំពេញ៖ កាសែតដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ប្រារព្វពិធីខួបអនុស្សាវរីយ៍១៥ឆ្នាំរបស់ខ្លួន នៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលនឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកនូវគុណូបការៈដ៏ខ្ពង់ខ្ពស់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្កីក្រសួងព័ត៌មាន ដែលតែងតែផ្តល់ការគាំទ្រជានិច្ចកាល និងផ្តល់កិត្តិយសចូលរួម កម្មវិធីខួបកាសែតដើមអម្ពិល ចាប់តាំងពីថ្ងៃសម្ពោធចេញផ្សាយ លើកដំបូងនាឆ្នាំ២០០៦, គម្រប់ខួប១ឆ្នាំ នាឆ្នាំ២០០៧, ព្រមទាំងគម្រប់ ៥ឆ្នាំ, ១០ឆ្នាំ និងលើកនេះ គម្រប់ខួប១៥ឆ្នាំ ដែលយើងបាននិងកំពុងប្រារព្វពិធី នាពេលនេះ។
លោក សយ សុភាព គូសបញ្ជាក់ថា “ការគាំទ្រដ៏ខ្ពង់ខ្ពស់នេះ ញាំងឱ្យកាសែតដើមអម្ពិល កាន់តែខិតខំបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមមួយកម្រិតទៀត”។

លោក សុភាព បន្ថែមថា ៖ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងខិតខំខ្នះខ្នែង រហូតដល់បានទទួលស្គាល់កាសែតជាផ្លូវការ ដែលសម្តេចតេជោ ទទួលស្គាល់ចំពោះសារព័ត៌មាន ហើយក្នុងនោះដែរ កាលពីឆ្នាំ២០១៩ ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកអំពីកាសែតអនឡាញ ចំនួន៤ មានវិជ្ជាជីវៈ និងជាកាសែតធំៗ ក្នុងនោះក៏មាន កាសែតដើមអម្ពិល។ ទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីស្នាដៃរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងខិតខំប្រៀនប្រដៅ បង្រៀនដល់យើងខ្ញុំផ្ទាល់ផង ជារៀងរហូតមក។

មិនតែប៉ុណ្ណោះ លោកអគ្គនាយក ក៏ឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណ ជាអតិបរមា និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ គោរពស្រឡាញ់រាប់អាន ជូនដល់បុគ្គលិក និងសហការី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកាយចិត្ត និងសមត្ថភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយ អំឡុងពេលកូវីដ-១៩នេះ ពិតបានបំពេញភារកិច្ចរបស់ខ្លួន កាន់តែខ្លាំងក្លាថែមទៀត។

បន្ថែមលើសពីនេះ លោក សយ សុភាព ក៏បានគូសបញ្ជាក់ផងដែថា “ក្នុងបរិបថនៃការលេចឡើងនូវព័ត៌មានក្លែងក្លាយ (Fake News) យើងបាននិងកំពុងខិតខំប្រែងប្រែង ចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលប់បំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ ផងដែរ”។

លោកក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រសួងស្ថាប័ន រដ្ឋនិងឯកជន ព្រមទាំងបណ្តាក្រុមហ៊ុននានា ដែលបានគាំទ្រដល់ការផ្សាយពាណិជ្ជកម្ម ព្រមទាំងស្ថានទូតនានា នៅក្នុងកិច្ចសហការផ្តល់ព័ត៌មាន សម្រាប់បំរើឱ្យការផ្សផ្វផ្សាយ ជូនដល់សាធារណជន ផងដែរ៕

To Top