ព័ត៌មានជាតិ

ប្រេសិតរុស្ស៊ី៖ ទីក្រុងមូស្គូអាចនឹងបង្កើនវិធានការ ប្រសិនបើលោកខាងលិច មិនខ្វល់នឹងការ ទាមទាររបស់ខ្លួន

បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីមួយរូប បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីអាចនឹងចាត់វិធានការថ្មី ដើម្បីធានាដល់សន្តិសុខខ្លួន ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នៅតែបន្តធ្វើសកម្មភាពបង្កហេតុ និងមិនខ្វល់នឹងការទាមទារ របស់ទីក្រុងមូស្គូ ឲ្យមានការធានាបញ្ឈប់ការពង្រីកវិសាលភាពណាតូទៅអ៊ុយក្រែន។ 

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានចោទប្រកាន់សម្ពន្ធមិត្តលោកខាងលិច ពីបទបន្តជំរុញបិទក្នុងចំណងមិត្តភាពជាមួយប្រទេសរុស្ស៊ី និងបានធ្វើការព្រមានថា ទីក្រុងមូស្គូក៏អាចនឹងបង្កើនវិធានការ ប្រសិនបើលោកខាងលិចមិនគិតគូដល់ការទាមទាររបស់ខ្លួនដោយយកចិត្តទុកដាក់ទេនោះ។

សេចក្តីថ្លែងការណ៍របស់លោក Sergei Ryabkov នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Interfax នេះ គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូបានប្រគល់ឯកសារសន្តិសុខព្រាង ទាមទារឲ្យណាតូបដិសេធ ភាពជាសមាជិករបស់ប្រទេសអ៊ុយក្រែននិងប្រទេសអតីតសមាជិក សហភាពសូវៀតផ្សេងទៀត និងដកការដាក់ពង្រាយយោធាសម្ពន្ធមិត្ត នៅក្នុងតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត។ 

លោកបានមានប្រសាសន៍ថា ការដាក់ពង្រាយកងទ័ពណាតូ នៅជិតប្រទេសរុស្ស៊ី ក្នុងតំបន់សមុទ្របាល់ទិកនិងសមុទ្រខ្មៅ បានបង្កការលំបាកដល់ផលប្រយោជន៍សន្តិសុខស្នូលរបស់រុស្ស៊ី ហើយបានបន្ថែមថា គ្មានអ្នកណាម្នាក់ គួរតែមើលស្រាលចំពោះការសម្រេចរបស់ទីក្រុងមូស្គូ ក្នុងកិច្ចការពារផលប្រយោជន៍សន្តិសុខជាតិខ្លួនឡើយ៕ ប្រែសម្រួល៖ប៉ាង កុង  

To Top