តាកែវ:៖ កាសែតដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍១៥ឆ្នាំរបស់ខ្លួន នៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោក ផៃ ស៊ីផាន បានថ្លែងនូវការកោតសរសើរ ចំពោះមជ្ឈមណ្ឌលសារព័ត៌មានដេីមអម្ពិល ដែលបានចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានពិតជូនមិត្តអ្នកអានគ្រប់ពេលវេលា។
លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថ្លែងអំណរគុណ ជាអតិបរមា និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ គោរពស្រឡាញ់រាប់អាន ជូនដល់បុគ្គលិក និងសហការី ទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយ អំឡុងពេលកូវីដ-១៩នេះ ពិតជាបានបំពេញភារកិច្ចរបស់ខ្លួន កាន់តែខ្លាំងក្លាថែមទៀត។
បន្ថែមលើសពីនេះ លោក សយ សុភាព ក៏បានគូសបញ្ជាក់ថា “ក្នុងបរិបទនៃការលេចឡើងនូវព័ត៌មានក្លែងក្លាយ (Fake News) យើងបាននិងកំពុងខិតខំប្រែងប្រែង ចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ”។
លោកក៏សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន រដ្ឋនិងឯកជន ព្រមទាំងបណ្តាក្រុមហ៊ុននានា ដែលបានគាំទ្រដល់ការផ្សាយពាណិជ្ជកម្ម ព្រមទាំងស្ថានទូតនានា នៅក្នុងកិច្ចសហការផ្តល់ព័ត៌មាន សម្រាប់បំរើឱ្យការផ្សព្វផ្សាយ ជូនដល់សាធារណជន ៕






