នយោបាយ

ប្រធានរដ្ឋវៀតណាម នឹងមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃស្អែក

ភ្នំពេញ ៖ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើតាមហ្វេសប៊ុក របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ។

បើតាមហ្វេសប៊ុក លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា កាលពីម្សិលមិញបានសរសេរដែរថា «កម្ពុជាទន្ទឹងរង់ចាំដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ក្នុងឱកាសប្រារព្ធខួបលើកទី៥៥ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម និងក៏ជាឆ្នាំមិត្តភាព កម្ពុជា-វៀតណាម» ។

ក្នុងឱកាសអញ្ជើញ ធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ លើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការ បរទេសវៀតណាមនាថ្ងៃ១៩ ធ្នូ លោកប្រមុខការទូតកម្ពុជា ក៏បានគូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តរីកចម្រើន ទោះបីជាជួបបញ្ហាប្រឈម ក្នុងតំបន់ និងពិភពលោកមួយចំនួនក្តី ៕

To Top