ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ទោះកម្ពុជា បិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ មិនមែនមានន័យថា បញ្ឈប់ប្រយុទ្ធប្រឆាំង កូវីដឡើយ

ភ្នំពេញ ៖ ជាដំណឹងរីករាយសម្រាប់កម្ពុជា ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ខណៈជំងឺនេះបានធូរស្បើយយ៉ាងច្រើន ប៉ុន្តែសម្តេចអះអាងថា ការបិទបញ្ចប់នេះ មិនមែនមានន័យថា បិទបញ្ចប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ឡើយ គឺប្រជាពលរដ្ឋត្រូវបន្ដប្រយុទ្ធប្រឆាំងជំងឺនេះទៀត ធ្វើយ៉ាងណាកុំឲ្យកើតឡើង នូវព្រឹត្តិការណ៍ដ៏ទៃទៀត។

ក្នុងរយៈពេលប្រមាណជា១០ខែមកនេះ ចាប់ពីថ្ងៃទី២០ កុម្ភៈ ដល់ថ្ងៃ ២០ ធ្នូនេះ កម្ពុជាមានអ្នកឆ្លងជាង១២ម៉ឺននាក់ និងស្លាប់ជាង៣ពាន់នាក់ ។

តាមរយៈសារសំឡេង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសម្រេចប្រកាស បញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលព្រឹត្តិការណ៍ សោកនាកម្មសម្រាប់ ប្រទេសយើង ដោយជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃទី២០ កុម្ភៈ រហូតដល់ថ្ងៃទី ២០ ធ្នូ មានរយៈពេល១០ខែ ដែលធ្វើឲ្យប្រជាពលរដ្ឋ របស់យើង បានឆ្លងជំងឺកូវីដ ចំនួន១២៤ ០២២នាក់ និងបាត់បងជីវិតចំនួន ៣ ០០៥នាក់»។

សម្ដេចតេជោបន្ដថា ថ្ងៃទី២០ ធ្នូ នេះ គឺជាលើកដំបូង ក្នុងរយៈពេល១០ខែដែលកម្ពុជាពុំមានមនុស្សស្លាប់ និងអ្នកឆ្លងជំងឺកូវីដមានត្រឹមតែ៧នាក់ប៉ុណ្ណោះ។ សម្ដេចថា កាលពេលមុន មានប្រជាជនកម្ពុជា បានឆ្លងជំងឺកូវីដរាប់រាយអ្នក និងអ្នកស្លាប់ វិញរាប់សិបអ្នកផងដែរ។ សម្ដេចចាត់ទុកថា «នេះគឺជាជោគជ័យ មួយ ឬអាចថា កាត់បន្ថយបរាជ័យ ដោយសារកូវីដ-១៩» ខណៈសម្ដេច តែងតែលើកឡើងថា «គ្មានទេ ពាក្យជោគជ័យ» ប៉ុន្ដែគ្រាន់មានពាក្យថា «ការខូចខាត់នេះ វាមិនធំ គឺយើងមិនមានជោគជ័យទេ លើជំងឺនេះ»។

សម្ដេចតេជោបន្ថែមថា តែអាចនិយាយបានថា គឺជាជោគជ័យ នៃការទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ទៅជ្រោះមរណៈដែលកម្ពុជា មានការព្រួយបារម្ភខ្លាំង ក្នុងពិធីចូលឆ្នាំ រហូតដល់មានការបិទខ្ទប់ និង រារាំងការធ្វើដំណើរផងដែរ ។ សម្ដេចថា ស្របពេលកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា ក៏បានស្វះស្វែងរកវ៉ាក់សាំងជូនប្រជាពលដ្ឋ ឲ្យទាន់ពេលវេលា ដោយវ៉ាក់សាំង បានជួយជីវិតរបស់ប្រជាជន ។

សម្ដេចតេជោ ក៏បានអរគុណមិត្តចិន អាមេរិក ជប៉ុន អង់គ្លេស ហូរឡង់ សម្រាប់ផ្គតផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា សង្ឃឹមថា វ៉ាក់សាំង អូស្ដ្រាលី នឹងមកដល់កម្ពុជា យប់ថ្ងៃទី២៦-២៨ ធ្នូ ជាង២លានដូសបន្ថែមទៀត។ សម្ដេចថា ភាពស៊ាំក្នុងសហគមន៍ កាត់ បន្ថយការឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ ។ សម្ដេចតេជោ បានអរគុណប្រជាពលរដ្ឋចំពោះ អនុវត្តវិធានការសុខាភិបាល ជាពិសេស ទទួលយកវ៉ាក់សាំង រហូតដល់ជាង១៤លាននាក់ ស្មើនឹង ជាង៨៩%។

សម្ដេចតេជោ មានប្រសាសន៍ថា «ថ្ងៃនេះ ខ្ញុំប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែន មានន័យថា ប្រកាសបញ្ចប់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នោះទេ។ យើងគ្រាន់តែប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្ដែការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាកិច្ចបន្ដទៀត ។ កិច្ចការនេះមិនអាចធ្វេសបានទេ សូមកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដ៏ទៃៗ សូមឲ្យធ្លាក់ចុះការឆ្លង និងធ្លាក់ចុះការស្លាប់ ឈានដល់អត្រា សូន្យដល់បន្ដទៀត»។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២០.៤២៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៦.៨០៣នាក់ និងអ្នកស្លាប់ចំនួន៣.០០៥នាក់ ៕

To Top