ភ្នំពេញ ៖ សំណុំរឿងបាញ់ សម្លាប់ជនជាតិចិន នៅខេត្តព្រះសីហនុ កម្លាំងជំនាញបំបែក បានដោយជោគជ័យ ក្រោយជនដៃដល់២នាក់ ត្រូវចាប់ខ្លួន នៅរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១៖១៥នាទី ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ នេះបើយោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ២០ ធ្នូ ។
ជនសង្ស័យចំនួន២នាក់នោះមាន ៖ ឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុស ជនជាតិចិន និងឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាម ។ ពួកគេបានជាប់ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទី ចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យ កន្លែងកើតហេតុ ជាលទ្ធផលសមត្ថកិច្ចបានឃើញ សាកសពបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅក្បែរសាឡុងពូក និងមានស្នាមឈាមហូរ លើកម្រាលឥដ្ឋ ហើយមានស្នាមរបួសត្រូវចុងភ្លៅធ្លាយទាំងសងខាង និងមានសំបកគ្រាប់កាទុស ចំនួន៣គ្រាប់ ។
ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស ជនជាតិចិន។ ឆ្លងតាមការស៊ើបអង្កេតកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIKE MUNAI (ស្លាប់) មិនមែនជាអ្នកជួលផ្ទះកើតហេតុនោះទេ។
ដោយឡែក ភាគីជួលផ្ទះកើតហេតុមាន ឈ្មោះ មី ពៅ ភេទស្រី មានស្រុកកំណើតឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងមិត្តប្រុសជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ក្រោយពីកើតហេតុរួចបានរត់គេចខ្លួន ៕