ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទប់ស្កាត់ការថតចម្លងឯកសារពាក់ព័ន្ធផ្សេងៗ នឹងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២៧-២៨ ធ្នូ ជាពិសេស ផ្អាកអាជីវកម្មថតចម្លងនៅជុំវិញ បរិវេណមណ្ឌលប្រឡង ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេច ស ខេង បានថ្លែងថា អភិបាលរាជធានី-ខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡងទូទាំងរាជធានី-ខេត្ត ក្រុង-ស្រុក មួយចំនួន និងមណ្ឌលកំណែទាំង១០ នៅរាជធានីភ្នំពេញ ហើយត្រូវ រក្សាសុវត្ថិភាព ក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបប្រធានវិញ្ញាសារ និងដុំកិច្ចការបេក្ខជន នៅតាមសាលារាជធានី-ខេត្ត-ក្រុង និងស្រុកមួយចំនួន។
សម្ដេចបញ្ជាក់ថា «រក្សាសន្តិសុខ និងសុវត្ថិភាព ដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់កាល នៃការប្រឡង។ ទប់ស្កាត់ការថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង តាមគ្រប់រូបភាព ជាពិសេស ការផ្អាកអាជីវកម្មថតចម្លង ឯកសារនៅជុំវិញ បរិវេណមណ្ឌលប្រឡង»។
សម្ដេចបន្ដថា អាជ្ញាធររាជធានី-ខេត្ត ត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពដល់បេក្ខជន មាតាបិតា ឬអាណាព្យាបាលដែលមកស្នាក់នៅទីរួមខេត្ត រាជធានី ក្រុង និងស្រុកមួយចំនួនដែលមានមណ្ឌលប្រឡង ព្រមទាំងជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន ដើម្បីកុំឲ្យដំឡើងថ្លៃសេវា។
សូមបញ្ជាក់ថា ឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុប សរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។ ដោយឡែក មណ្ឌលសំណេរមាន ចំនួន ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ ៕