ភ្នំពេញៈ លោកស្រីយ៉ិច ឈាណាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ខែ ធ្នូ ឆ្នាំ ២០២១នេះ បើកសវនាការប្រកាសសាលក្រម និង បានសម្រេច កាត់ទោស កំបាំងមុខ ជនជាប់ចោទឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដាក់គុកកំណត់ត្រឹមតែ ១ ( មួយ) ឆ្នាំ ប៉ុណ្ណោះ ដែលជាទណ្ឌកម្មយ៉ាងស្រាលបំផុត ជាប់ពាក់ព័ន្ធនឹងការយកកាំភ្លើងបាញ់សត្វបាញ់ត្រូវក្មេងប្រុសកំព្រាម្នាក់
អាយុ ១៤ ឆ្នាំម្នាក់ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័មបំផុត ប្រព្រឹត្តកាលពីថ្ងៃទី ៦ មីនា ឆ្នាំ ២០២១ នៅភូមិលិចវត្តសង្កាត់-ខណ្ឌកំបូល រាជធានី-ភ្នំពេញ។
យោងតាម សេចក្តីប្រកាសសាលក្រមរបស់លោកស្រីចៅក្រម យ៉ិច ឈាណាវី កាលពីព្រឹកថ្ងៃទីច័ន្ទ បានអោយដឹងថា នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា ( ស្ថិតនៅក្រៅឃុំឃាំង) ត្រូវបានជាប់ចោទចំនួន ២បទល្មើស គឺ «បទ មនុស្សដោយអចេនា និង បទ ការកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ» តាមបញ្ញាតិមាត្រា ២០៧ (ដែលត្រូវផ្តន្ទាទោស ពី ០៦ ខែ ទៅ ០៣ឆ្នាំ) និង បញ្ញាតិមាត្រា ៤៩០ (ដែលត្រូវផ្តន្ទាទោស ពី០៦ ទៅ ០៣ ឆ្នាំ) នៃ ក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ បានយកកាំភ្លើងបាញ់សត្វបាញ់ ដើម្បីជាល្បែងកំសាន្តលេង និង បណ្ដាលឱ្យបាញ់ចំ ក្មេងប្រុសរងគ្រោះឈ្មោះ សារឿន ប៊ុនថា អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី ៨ នៅអនុវិទ្យាល័យបែកចាន និងរស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម ត្រូវគាប់ស្លាប់យ៉ាងអាណោមអាធម៌ បំផុត គឺត្រូវបានត្រូវគ្រាប់កាំភ្លើងខ្យល់របស់ជនជាប់ចោទ ស្លាប់ ដូចនឹងសត្វលលកចំនួន១ក្បាល ដែលត្រូវបានគាត់បាញ់ងាប់ និង បន្សល់ទុកនៅក្បែរកុមារារងគ្រោះនោះដែរ។
តែជនជាប់ចោទ ឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា ត្រូវបានដោះ លែងអោយស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ត៕ដោយ រស្មី អាកាស