ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ករណីក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កំពុងបន្តនីតិវិធី

ភ្នំពេញ ៖ ខណៈរឿងរ៉ាវប្លន់ផ្ទះស្រ្តីអ្នកលក់ឡេដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អ៊ាន សៀវម៉ី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ករណីក្រុមចោរប្លន់ដ៏កក្រើកនេះ ក្រុមសមត្ថកិច្ចខាងស៊ើបអង្កេតបាននិងកំពុងបន្តនីតិវិធី មិនទាន់អាចបញ្ចេញអ្វីឲ្យទូលំទូលាយបានទេ ។

លោកថា ចំពោះករណី កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។

លោកបញ្ជាក់ថា “ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព” ។

សូមរំលឹកថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសំបុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១២នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ។

អ្វីកាន់តែធ្វើឲ្យភ្ញាក់ ពីសំណាក់ពលរដ្ឋ គឺតាមរយៈរូបថតបង្ហាញដោយកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងផ្ទះដែលចូលបង្ក្រាបនោះ មានតាំងរូបថតលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ។ ចំណុចនេះ លោក William Guang អាចជាប់ពាក់ព័ន្ធករណីប្លន់នេះ៕

To Top