ព័ត៌មានជាតិ

ប.ស.ស. ត្រៀមរួចជាស្រេច ដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងត្រីមាសទី១ ឆ្នាំ២០២២

ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម ។

នៅក្នុងកិច្ចប្រជុំខាងលើ លោកអគ្គនាយករងបានថ្លែងថា៖ ក្នុងនាមជាប្រតិបត្តិករសន្តិសុខសង្គម បច្ចុប្បន្ន ប.ស.ស. បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ ។

បន្ថែមពីនេះទៀត ប.ស.ស. បានសិក្សារៀបចំបទដ្ឋានគតិយុត្ដ និងយន្ដការពាក់ព័ន្ធផ្សេងៗ រួចជាស្រេច ដើម្បីឲ្យការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ នៅពេលដែលដាក់ឲ្យដំណើរការ ។ 

ក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គនាយករង បានថ្លែងបន្ថែមថា៖ បន្ទាប់ពីអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា  ឆ្នាំ២០២១ចូលជាធរមាន ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ  ដល់តំណាង GMAC តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា តំណាងអង្គកាសង្គមស៊ីវិល ព្រមទាំងតំណាងសហគ្រាស គ្រឹះស្ថាន នានា ជាច្រើនលើកមកហើយ ដែលមានអ្នកចូលរួម សរុបប្រមាណជាង ១ ០០០នាក់។

បន្ថែមពីនេះ ប.ស.ស. ក៏បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមជាច្រើន ក្នុងន័យដើម្បីបង្កើនការយល់ដឹង ទៅដល់សមាជិកដែលជាគោលដៅ គឺសំដៅដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ នេះតែម្ដង។

លោក ក៏បានបញ្ជាក់ថា៖ ដោយស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ បានធូរស្រាល ទន្ទឹមនឹង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកប្រទេសឡើងវិញ លើគ្រប់វិស័យផងដែរ នេះជាឱកាសដ៏ល្អមួយក្នុងការដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង ដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យ ចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបប្រាក់សោធន ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម  សរុបប្រមាណជាង ២០នាក់ ៕

To Top