ភ្នំពេញ ៖ រដ្ឋបាលសង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុល ផ្លូវជង្ហុកសំបុកមាន់ ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ អោយកាន់តែល្អប្រសើរ និងសម្រួលដល់ការ ធ្វើដំណើរទៅមក ។
មន្ត្រីរដ្ឋបាលសង្កាត់អូប្ញស្សី៣ បានឲ្យដឹងថា ការជួសជុលផ្លូវជង្ហុកសំបុកមាន់នេះ គឺចាប់អនុវត្តពីផ្លូវសុខហុក ដល់មហាវិថី អ៊ុងប៉ូគុណ(ផ្លូវលេខ១០៩) មានប្រវែងជាង ២២៥ ម៉ែត្រ ដោយធ្វើការបាញ់សម្អាត កាយយកដីស្អុយ ពីកន្លែងមានជង្ហុកសំបុកមាន់ ដែលធ្លាប់ដក់ទឹកកាលពីរដូវវស្សា ដែលជាគម្រងវិនិយោគ ៣ឆ្នាំរំកិលរបស់សង្កាត់ ។
មន្ត្រីជំនាញដដែល បានបន្តថា ការជួលជុសនិងអ៊ុតកៅស៊ូ AC កម្រាស៥សង់ទីម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល ចំពោះបងប្អូនដែលមានមុខរប ឬ អាជីវកម្មផ្សេងៗ នៅលើកកំណាត់ផ្លូវនេះ ដោយអាជ្ញាធរបានពន្លឿនឲ្យបានឆាប់រួចរាល់បំផុត ដោយនាធាបានទាំងគុណភាព ដែលអាចទទួល យកបានផងដែរ ។
ការរដ្ឋានជួសជុលកំណាត់ផ្លូវលេខ១៦៤នេះ ប្រើប្រាស់ពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺ ចាប់ផ្តើមនៅពេលព្រឹក និងបានបញ្ចប់រួចរាល់ នៅល្ងាចថ្ងៃទី២១ ខែធ្នូនេះ ។
គួរឱ្យ ដឹងថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានជំរុញ ដល់អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ យកចិត្តទកដាក់ លើកការងារថែទាំ និងជួសជុសផ្លូវជង្ហុកសំបុកមាន់ ដែលមាននៅក្នុងមូលដ្ឋាន រៀងៗខ្លួន ដើម្បីសម្រួលការធ្វើចរាចរណ៍ និងការប្រកបរបរកស៊ីប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត ៕