ព័ត៌មានជាតិ

ក្រសួងលើកទឹកចិត្ដឱ្យសិស្ស សិក្សាលើទូរស័ព្ទដៃ តាមរយៈកម្មវិធីស្វ័យសិក្សា «MoEYSE-Leaening»

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា កម្មវិធីស្វ័យសិក្សា «MoEYSE-Leaening» បង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការអប់រំតាមបែបស្វ័យសិក្សាសម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា គ្រប់ពេលវេលា និងទីកន្លែងដែលសមប្រកប។

តាមរយៈគេហទំព័រហ្វេសបុក របស់ក្រសួងអប់រំយុវជន និងកីឡា បានផ្សព្វផ្សាយនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា កម្មវិធីស្វ័យសិក្សា«MoEYSE-Leaening» បានផ្ដល់ឱ្យសិស្សានុសិស្ស អាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ មានកម្រងសៀវភៅ និងឯកសារសិក្សា លំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត។

ក្រសួងបានបន្ថែមថា ការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYSE-Leaening» ជាការរួមចំណែកដល់បរិបទនៃបរិវត្ដកម្មនៅក្នុងអេកូស៊ីស្ដែមនៃការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលជាការត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សក្នុងការប្រឡូកក្នុងបសិវត្ដន៍ឧស្សាហកម្ម ៤.០ ។

ក្រសួងបញ្ជាក់ថា កម្មវិធីស្វ័យសិក្សា «MoEYSE-Leaening» នេះជាគំនិតផ្ដួចផ្ដើម និងកិច្ចសហកាប្រតិបត្ដិការ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ហើយក៏មានការចូលរួម អភិវឌ្ឍដោយ E-Scool Cambodia និងគាំទ្រជាស្មារតីដោយគណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ។

ក្រសួងអប់រំ យុវជន និងកីឡា ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអ្នកចូលរួមអភិវឌ្ឍកម្មវិធីទាំងអស់ សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីស្វ័យសិក្សានេះ តាមលិទ្ធភាព ហើយប្រើប្រាស់កម្មវិធីនេះប្រកបដោយប្រសិទ្ធភាព៕

To Top