ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកា ចំនួន២៨០,៣៧៨ដុល្លារ ដល់អង្គភាព ទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខ មនុស្សជាតិ (ជំនួយឥតសំណង គូសាណូណិ)។
កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខា នាពេលថ្មីៗនេះ ដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាព ទទួលជំនួយទាំង៣ ដើម្បីអនុវត្តគម្រោងទាំងនោះ រួមមាន ៖ ទី១-គម្រោងសាងសង់ អគារសិក្សានៅអនុវិទ្យាល័យ អូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី ថវិកា ចំនួន៩៨,៣១៧ដុល្លារ ,ទី២-គម្រោងសាងសង់ អគារសិក្សានៅសាលាបឋមសិក្សា អូរឬស្សីលើ១ និងសាលាបឋមសិក្សា អូរឬស្សីលើ២ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ថវិកា ចំនួន៩១,៤៦៦ដុល្លារ និងទី៣-គម្រោងស្ដារប្រព័ន្ធធារាសាស្ដ្រអូរសំបួរ ក្នុងខេត្តកំពង់ស្ពឺ ថវិកា ចំនួន៩០,៤៩៥ដុល្លារ។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើម នៅប្រទេសកម្ពុជា នាឆ្នាំ១៩៩១ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និង ស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន ។ ជំនួយឥតសំណងនេះ មានទិសដៅការពារ ជនងាយរងគ្រោះ ពីកត្តាមួយចំនួន ដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ ដល់អាយុជីវិត ជីវភាព រស់នៅ និងសេចក្តីថ្លៃថ្នូរ របស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា សហគមន៍ ។
លើសពីនេះទៀត ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង៦៤លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៦៥១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕