ភ្នំពេញ ៖ លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសមហាអំណាច គួរផ្ដល់ឱកាសឲ្យកម្ពុជា ចូលរួមដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើង នៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ។
ក្នុងសន្និសីទអន្តរជាតិស្ដីពី តួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិន ជាមួយអាស៊ាន នៅថ្ងៃទី២២ ធ្នូនេះ លោក យង់ ពៅ បានមានប្រសាសន៍ថា បញ្ហាអាស៊ានថ្មី គឺបញ្ហាភូមា ជាបញ្ហាស្នូលសំខាន់សម្រាប់អាស៊ាន បង្ហាញថា អាស៊ានអាចរួបរួម ឬបែកបាក់ ។ លោកថា ចំណុចនេះមហាអំណាច គួរផ្ដល់ឱកាសឲ្យអាស៊ាន ធ្វើការដើម្បីអាស៊ានជាមួយដៃគូនានា ។
លោកអគ្គលេខាធិការបញ្ជាក់ថា «ក្នុងទិដ្ឋភាពសម័យទំនើប យើងមិនអាចទុកឲ្យប្រជាជនភូមា រងគ្រោះដូចដែលយើង (កម្ពុជា) ធ្លាប់រងគ្រោះនោះទេ តែឥឡូវកំពុងរងគ្រោះហើយ ។ ការរើសអើងនយោបាយ ការរើសអើងរដ្ឋាភិបាលយោធាភូមា មិនមែនរងគ្រោះរដ្ឋាភិបាល យោធានោះទេ គឺប្រជាជនស្លូតត្រង់ របស់ភូមា ។ ចឹងតើយើងគួរទៅជជែកជាមួយអ្នកណា ដែលមានសិទ្ធិអំណាច សម្រេចការនាំភូមាមកវិញ ប្រាកដហើយត្រូវតែទៅ និយាយជាមួយអ្នកមានអំណាច» ។
លោកបន្តថា «តួនាទីទាំងអស់នេះ ធ្លាប់តែមហាអំណាចធ្វើ ដល់ពេលកម្ពុជាធ្វើហាក់ ដូចជាមិនសូវសម តែគួរផ្ដល់ឱកាសឲ្យកម្ពុជាធ្វើទៅ កុំគិតថា រឿងស្អីៗធំដុំ ដោះស្រាយនយោបាយតំបន់ ឬភាពវឹកវរ នៃប្រទេសមួយ ទាល់តែមហាអំណាចបានធ្វើបាន ហ្នឹងជាទិដ្ឋភាព នៃការអភិរក្សនិយម នយោបាយជំនាន់ចាស់ ហើយនយោបាយជំនាន់ថ្មី គួរតែប្រែប្រួលទាំងទស្សនៈ ទាំងរចនាសម្ព័ន្ធ ទើបយើងអាចមានវិបុលភាព ជាមួយគ្នា» ។
លោកបន្ថែមថា ការលើកឡើងនេះ គ្រាន់តែជាការបង្ហាញ មិនមែនគ្រាន់តែយកចិត្ត មហាអំណាចណាមួយទេ មិនថាចិន មិនថាសហរដ្ឋអាមេរិក ឬក៏រុស្ស៊ីទេ ផ្ទុយទៅវិញត្រូវតែមានទស្សនៈរួមរបស់ខ្លួន ដើម្បីវិបុលភាពរបស់តំបន់ និងប្រទេសខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ ធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសចូលរួមសម្ពោធសណ្ឋាគារ ទំនើបមួយនាកណ្តាលក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ ម្តងទៀតថា នៅខែមករា ដើមឆ្នាំ២០២២ សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលបញ្ហាប្រទេសនេះ ដើម្បីឲ្យមាន អាស៊ានជើង១០សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដូច្នេះគួរទុកឱកាសឲ្យសម្តេចបានធ្វើរឿងនេះផង កុំអាលបន្ទោស និងរារាំង ។
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រើអំពើហិង្សបង្រ្កាបទៅលើ បាតុករតវ៉ាប្រឆាំង នឹងរដ្ឋប្រហារដោយសម្លាប់មនុស្សជាង ១.៣០០នាក់ បង្ករបួសស្នាមមនុស្ស រាប់ពាន់នាក់ និងចាប់ខ្លួនជាង ១៥.០០០០នាក់ ៕