ព័ត៌មានជាតិ

ជនជាតិថៃជិត ៣០នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូន ទៅប្រទេសកំណើតវិញ

ភ្នំពេញ ៖ ជនជាតិថៃប្រុស ស្រីចំនួន ២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែន មកស្នាក់នៅនិងធ្វើការខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ។

តាមរយៈគេហទំព័រស្នងការដ្ឋាន នគរបាលខេត្ដបន្ទាយមានជ័យ បាន ឲ្យដឹងថា ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ឈមគ្នាច្រកខ្លងលឹក ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានថ្លែងថា ជនជាតិថៃ ប្រុសស្រីទាំង២៥នាក់ ស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងអាគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែន មកស្នាក់នៅ និងធ្វើការខុសច្បាប់ ៕

To Top