ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន២នាក់ ដែលជាអតីត: សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីត: គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹង បទល្មើសញុះញង់ ឱ្យមហាជន ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការសរសេរសារ ជេរប្រមាថ និង បង្ហោះនៅតាមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស ថ្នាក់ដឹកនាំ នៃ រាជរដ្ឋារាជភិបាល ប្រព្រឹត្តកាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២១ ។
លោកសេង ស៊ីសុវុត្ថា ជាប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី-១ ឈ្មោះ ធន ច័ន្ទថា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជាអតីតចៅរង សង្កាត់ផ្សារដេប៉ូ មកពីកូតា អតីតគណ:បក្សសង្គ្រោះជាតិ។ និង ទី ២ ឈ្មោះ ម៉ី សុផន ភេទ ស្រី អាយុ ៤៣ ឆ្នាំ ជាអតីតសកម្មជន គណ:បក្សសង្គ្រោះជាតិ ។
លោកចៅក្រមស៉ីសុវុត្ថា បានថ្លែងថា ពួកគេ ទាំង២ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២១ កាត់ទោស ដាក់ ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១ និង ពិន័យជាប្រាក់ចំនួន២លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលជាថវិកាជាតិ។
ពួកគេទាំង២ ត្រូវបានជាប់ចោទពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ័ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។ តែពួកគេប្តឹងឧទ្ធរណ៍។
ពួកគេទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានបង្ហោះសារ នៅលើគណនីហ៊្វេសប៊ុករបស់ពួកគេ បង្កើតពត៌មានក្លែងក្លាយ និង ជេរប្រមាថដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា។
នាពេលសវនាការ, ជនជាប់ចោទទាំង២នាក់ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ ពួកគេខាងលើ និង និយាយថា ការសរសេរសារ របស់ពួកគេ គឺ គ្រាន់តែជា សម្តែងអំពីក្តីព្រួយបារម្ភ របស់ពួកគេ ក្នុងនាមជាពលរដ្ឋខ្មែរ និង ជាសេរីភាព នៃ ការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។
ពួកគេបានសំណូមពរ ដល់ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ សម្រេច លើកការចោទប្រកាន់ និង ដោះលែងពួកគេ អោយមានសេរីភាពវិញ។
សំណុំរឿងក្តីព្រហ្មទណ្ឌនេះ,
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២៕
ដោយ: រស្មី អាកាស