ព័ត៌មានជាតិ

សំណល់ ប្លាស្ទីកបង្កផលប៉ះពាល់ ដល់សុខភាព មនុស្សយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ លោក ជួប សារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានលើកឡើងថា សំណល់ថង់ប្លាស្ទីកបានបង្កផលប៉ះពាល់ដល់សង្គម បរិស្ថានជាច្រើន ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរថែមទៀតផង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងឱកាស​ចុះផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទីក នៅទីប្រជុំជនដល់និសិត្សនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ជួប សារីស៍ បានថ្លែងថា ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីរការយកចិត្ដទុកដាក់ របស់យើងទាំងអស់គ្នា ជាមួយប្រជាជាតិនៅលើសកលលោក។

លោកបន្តថា ដើម្បីបុព្វហេតុរួមចំណែកក្នុងការការពារ និងថែរក្សាគុណភាពបរិស្ថាន នៃភពផែនដីយើងទាំងអស់គ្នា ឱ្យឈានឆ្ពោះទៅរកនិរន្ដភាព និងភាពស្រស់បំព្រងជានិច្ចសំរាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយទៀត។

លោកបានសង្កត់ធ្ងន់ថា សំណល់ថង់ប្លាស្ទីកបានផ្ដល់នូវផលប៉ះពាល់ ដល់សង្គម សុខភាព និងបរិស្ថានជាច្រើនដូចជា បង្ករការកកស្ទះប្រព័ន្ធលូ ធ្វើឱ្យបាត់បង់សោភ័ណភាពសាធារណ បង្ករគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសជីវៈចម្រុះរស់នៅក្នុងទឹក(មច្ឆា) ជាតិគីមីនៃថង់ប្លាស្ទីកអាចបង្ករផលប៉ះពាល់ដល់ទឹក និងដី ហើយអ្វីដែលសំខាន់នោះអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។

គួរបញ្ជាក់ថា បរិមាណសំរាមក្នុង ១ឆ្នាំប្រទេសកម្ពុជាបង្កើតឡើងប្រមាណ ៤លានតោន ក្នុងនោះ២០% គឺជាសំណល់ថង់ប្លាស្ទីក ខណៈរាជធានីភ្នំពេញមានសំរាមប្រមាណជាង ៣ពាន់តោនក្នុង ១ថ្ងៃ៕

To Top