កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦ នៅស្រុកជើងព្រៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងខេត្តកំពង់ចាមឆ្នាំ ២០២១ មានចំនួន ១៤៦ លើក, ថយចុះ ២៩លើក , បណ្ដាលឲ្យស្លាប់ចំនួន ៩៧នាក់ , របួសធ្ងន់ចំនួន ៩៥នាក់ , របួសស្រាលចំនួន ៧២នាក់ , សរុបជនរងគ្រោះ ចំនួន ២៦៩នាក់ , ក្នុងនោះអ្នកមិនបានពាក់មួកសុវត្ថិភាពចំនួន ១៣៤នាក់ , អ្នកបើកបរចំនួន ៩៣ នាក់, អ្នករួមដំណើរចំនួន ៤១នាក់ ។ ជាមួយគ្នានេះបានបណ្ដាលឲ្យ ខូចខាតទ្រព្យសម្បត្តិមានដូចជា ខូចរថយន្តចំនួន ២៥ គ្រឿង, ខូចម៉ូតូចំនួន ៣៨គ្រឿង , យាន្តផ្សេងៗ ចំនួន ៥គ្រឿង ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកត្តាកំណើនមធ្យោបាយយានយន្ត , ការនិយមប្រើប្រាស់ មធ្យោបាយយាន្តជំនិះផ្ទាល់ខ្លួន ច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ , ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខណៈបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយចំនួនទៀត ដែលបង្កជាបញ្ហាប្រឈម ការកកស្ទះចរាចរណ៍ និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេស តាមបណ្ដោយផ្លូវជាតិសំខាន់ៗឆ្លងកាត់ បណ្ដាខេត្តនានា ដែលបញ្ហានេះក្លាយជាក្តីព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាល ។
ទន្ទឹមនឹងនោះដែរ អនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត បានសហការចុះត្រួតពិនិត្យអ្នកបើកបរ មធ្យោបាយគ្រប់ប្រភេទ និងបានធ្វើការអប់រំអ្នកបើកបរ ឲ្យយល់អំពីច្បាប់ចរាចរណ៍នៅក្នុងក្រុងកំពង់ចាម បានចំនួន ៥៤៤១នាក់ ក្នុងនោះអ្នកបើកបររថយន្តមានចំនួន ៤៦២នាក់ អ្នកបើកបរម៉ូតូចំនួន ៤៩៦៩នាក់ ៕