ព័ត៌មានជាតិ

ទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ​ចរាចរណ៍ផ្លូវគោក លើកទី១៦ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកនេះ

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. និងជាសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញចូលរួមប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិខាងលើ សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការពលីកម្ មរបស់មន្ត្រីមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយមិនខ្លាចការនឿយហត់ ព្រមទាំងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលំអ ស្ថានភាពផ្លូវថ្នល់ ព្រមទាំងការងារពាក់ព័ន្ធ ជាច្រើនទៀត ដែលបានរួមចំណែក ធ្វើឲ្យប្រសើរឡើង នូវសុវត្ថិភាពក្នុងការ ធ្វើដំណើរតាមដងផ្លូវ ជាពិសេសធានា ដល់សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ។

ដោយស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ស្របពេលដែលរាជរដ្ឋាភិបាល បានសម្រេចការបើកប្រទេសឡើងវិញលើគ្រប់វិស័យ សម្តេចក្រឡាហោម ក៏បានដាក់ចេញនូវការណែនាំ ដល់អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនវិធានការរឹតបន្ដឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បន្ដយកចិត្តទុកដាក់ បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព ឲ្យបានទូលំទូលាយ ដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន បន្ដយកចិត្តទុកដាក់ បង្កើនសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីសម្រេចកិច្ចការ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានសីលធម៌ វិន័យ សក្តិសមជាមន្ត្រីអនុវត្តច្បាប់ ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈផងដែរ។

ក្នុងនោះដែរ សម្តេចក្រឡាហោម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង៕

To Top