ព័ត៌មានជាតិ

១១ខែ ការនាំចេញរបស់កម្ពុជា មានតម្លៃជាង ១៥ពាន់ លានដុល្លារ ធ្លាក់ចុះ ០.១២%

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជា ចំនួន១៥ ៧២៩ លានដុល្លារ ធ្លាក់ចុះ ចំនួន០.១២% បើធៀបនឹងតម្លៃនាំចេញដូចគ្នា កាលពីឆ្នាំ២០២០។

ក្នុងពិធីបើកសន្និបាត​ បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីការរំខានបង្កដោយជំងឺកូវីដ-១៩ ធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពសាធារណៈ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រួមនឹងការទទួលរងឥទ្ធិពល ពីបដិវត្តន៍ឧស្សាហកម្មទី៤ បម្រែបម្រួលអាកាសធាតុ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈ និងការប្រទាញប្រទង់គ្នា ផ្នែកសេដ្ឋកិច្ច និងនយោបាយ រវាងមហាអំណាចពិភពលោក ដែលជាសុទ្ធសឹងជាចំណោទបញ្ហា សម្រាប់វិស័យពាណិជ្ជកម្ម ដែលទាមទារដំណោះស្រាយ។

លោក បញ្ជាក់ថា «ថ្វីត្បិតតែតម្លៃនាំចេញក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១ មានចំនួន ១៥ ៧២៩ លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះចំនួន ០.១២% ធៀបនឹងតម្លៃនាំចេញ សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ក៏ដោយ តែប៉ុន្តែបើតាមការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២១ នេះ នឹងមានប្រមាណ ២,៤%»។

លោករដ្ឋមន្ដ្រី ក៏បានរំលឹកថា កម្ពុជានៅតែបន្តរក្សាកំណើន ក្នុងអត្រាមួយគួរឲ្យកត់សម្គាល់ ក្នុងនោះ តម្លៃនៃការនាំចេញ ក្នុងឆ្នាំ២០២០ មានប្រមាណ ១៧ ២១៥ លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៦,៧% បើប្រៀបធៀបនឹងតម្លៃនាំចេញ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕

To Top