ព័ត៌មានជាតិ

ត្រួតពិនិត្យដេប៉ូប្រេង ១៦ទីតាំង រកឃើញ ៣ទីតាំង ដែលមិនសុច្ចរិត

ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានចុះត្រួតពិនិត្យ ទីតាំងដេប៉ូប្រេងឥន្ទនៈ តាមបណ្ដារាជធានី ខេត្ដចំនួន ១៦ទីតាំង បានរកឃើញ ដេប៉ូប្រេង ៣ទីតាំងមិនសុច្ចរិតចំពោះអ្នកប្រើប្រាស់។

តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋាន ក.ប.ប បានឱ្យដឹងថានាថ្ងៃទី២៣ ខែធ្នូមន្ត្រីជំនាញ ក.ប.ប ខេត្ដកែប ខេត្ដសៀមរាប និងរាជធានីភ្នំពេញបានបន្តប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់អំពើមិនសុចរិតក្នុងវ័យប្រេងឥន្ទនៈ និងការពារប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាបានរកឃើញដេប៉ូប្រេង ៣ទីតាំងដែលមិនសុចរិតចំពោះអ្នកប្រើប្រាស់ ។ ចំពោះម្ចាស់ដេប៉ូប្រេងទាំង ៣ទីតាំងត្រូវបានមន្ត្រីជំនាញធ្វើការពិន័យទៅតាមនីតិវិធីច្បាប់។

បន្ទាប់ពីចុះត្រួតពិនិត្យ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប ក៏បានផ្សព្វផ្សាយនូវផលប៉ះពាល់នៃសាធាតុ អាសបេស្តុស នៅរាជធានីភ្នំពេញតាមបណ្ដាហាងលក់គ្រឿងសំណង់ និងស្រង់យកគំរូមួយចំនួន មកវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប ផ្ទាល់ផងដែរ។

យោងតាមច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ ជំពូកទី១០ មាត្រា៤១ កថាខណ្ឌទី២ បានចែងថា ក្នុងករណីទទួលរងនូវការព្រមាន ជាលាយលក្ខណ៍អក្សរម្ដងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស តាមកថាខណ្ឌទី១ ខាងលើនេះ ត្រូវព្យួរដកហូត ឬលុបចោលវិញ្ញាបណ្ណប័ត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ៕

To Top