ព័ត៌មានជាតិ

ការថែទាំ គ្រឿងចក្រកំទេចគ្រាប់មីន ជាភារកិច្ចសំខាន់របស់ CMAC

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកដ្ឋានអគ្គនាយក មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានថ្លែងថា ការថែទាំ និងជួសជុលគ្រឿងចក្រកំទេចមីន ជាភារកិច្ចមួយយ៉ាងសំខាន់របស់អង្គភាពស៊ីម៉ាក់ ដើម្បីធានានិរន្ដភាព ប្រតិបត្ដិការរបស់ខ្លួន។

តាមរយៈ គេហទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហេង រតនា នាព្រឹកនេះបានលើកឡើងថា គ្រឿងចក្រកំទេចមីននៅថ្មីៗនៅឡើយ លើទីលានប្រតិបត្តិការបានបញ្ចេញកំលាំងថាមពលកំទេចគ្រាប់មីនយ៉ាងអស្ចារ្យ ហើយនៅពេលចំណាស់កំលាំងក៏ថមថយខូចច្រើន។

លោកបានបញ្ជាក់ថា គ្រឿងចក្រទាំងឡាយ បានជួយអ្នកជំនាញដោះមីនច្រើនណាស់ ក្នុងការកាត់បន្ថយពួកគាត់ ពីការប្រឈមមុខពីគ្រោះថ្នាក់។ កាលពីកន្លងទៅលោក ហេង រតនា ធ្លាប់បានអះអាងថា គ្រឿងចក្រ កំទេចមីន បានផលិតនៅប្រទេសជប៉ុន បានផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់មីន យ៉ាងមានប្រសិទ្ធភាព និងបានជួយបង្កើនល្បឿនរំដោះ ផ្ទៃដីចំការមីន កាត់បន្ថយហានីភ័យគ្រោះថ្នាក់ដល់ក្រុមការងារ ហើយគ្រឿងចក្រកំទេចមីន នេះជាពហុជំនាញអាចជួយធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនដូចជា ជីកស្រះទឹក ប្រលាយ និងផ្លូវលំសំរាប់សហគមន៍ មូលដ្ឋានជនបទផងដែរ។

គួបញ្ជាក់ថា តាមរបាយការណ៍ របស់អង្គភាព CMAC រយៈពេល ១១ខែចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ២០២១ បានបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម រំដោះផ្ទៃដីបានចំនួន ៩១ ៩១៩ ៩៧២ម៉ែត្រក្រឡា ហើយសំរាប់ផែនការឆ្នាំ២០២២ខាងមុខ អង្គភាពCMAC មានផែនការរំដោះផ្ទៃដីជាង ១២៥គីឡូម៉ែត្រក្រឡាផងដែរ៕

To Top