ព័ត៌មានជាតិ

តុលាការកំពូល សម្រេចតម្កល់ទោស លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ១០ឆ្នាំ ពាក់ព័ន្ធការសង្ស័យថា សម្លាប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា នៅខេត្តតាកែវ

ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកាកំបាំងមុខ និង បានសម្រេច តម្កល់ទោស លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង លោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោកឡាយ វណ្ណៈ អោយជាប់ពន្ធនាគារ ក្នុង ម្នាក់ៗ ពី ១០ ទៅ ១៣ ឆ្នាំ ដដែល និង ប្រកាសបិទផ្លូវតវ៉ា ជាប់ពាក់ព័ន្ធការសង្ស័យថា បានព្រួតគ្នា សម្លាប់ស្ត្រីរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់ឡាយ វណ្ណៈ ប្រព្រឹត្ត នៅ ចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

លោក និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិត ឈ្មោះ ឡាយ វណ្ណៈ ភេទ ប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៣ឆ្នាំ និង ទណ្ឌិត ឈ្មោះ ឡាយ ណារិទ្ធ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ពីបទ« ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯ ទណ្ឌិត ឈ្មោះ ជឹម វុធ ភេទ ប្រុស អាយុ ៤១ ឆ្នាំ និង ទណ្ឌិត ឈ្មោះ ម៉ែន សាម៉ៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ ឆ្នាំ ពីបទ« លាក់កំបាំងតម្រុយ» តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។

តែពួកគាត់ទាំង៤នាក់ បានប្តឹងឧទ្ទរណ៍ និង បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

ទាក់ទងនឹងសាលដីការបស់តុលាការកំពូលខាងលើនេះ លោកឡាយ វណ្ណៈ និង លោកឡាយ ណារិទ្ធ ព្រមទាំងមេធាវីការក្តី មិនអាចទាក់ទង ដើម្បីព័ត៌មានបានឡើយ នៅថ្ងៃ សុក្រ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១នេះ៕

ដោយ រស្មី អាកាស

To Top