នយោបាយ

គណៈកម្មាធិការកណ្តាល បក្សប្រជាជន អំពាវនាវឲ្យពង្រឹងសាមគ្គីភាព ផ្ទៃក្នុងបក្ស

ភ្នំពេញ ៖ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលជាបក្សធំជាងនៅកម្ពុជា បានយកឱកាស ក្នុងការបើកសន្និបាតលើកទី៤៣ នៅថ្ងៃ២៤ ធ្នូ ប្រកាសអំពាវនាវឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីសមាជិក សមាជិកា ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដោយខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់បក្សឲ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការកណ្តាល។

សេចក្តីប្រកាសក៏បានអំពាវនាវជនរួមជាតិទាំងមូល ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឲ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្ស។

កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេច ស ខេង អនុប្រធានគណបក្ស សម្តេច សាយ ឈុំ អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្តាល ។

ក្នុងនោះ អង្គសន្និបាតបានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ ជាមួយគ្នានេះដែរ ជ្រើសតាំងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជនបន្ថែមទៀត ៕

To Top