នយោបាយ

មន្ដ្រី CPP បកស្រាយថា មូលហេតុឯកច្ឆ័ន្ទឲ្យលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រី ពេលអនាគត គឺឯកភាពផ្ទៃក្នុង និងសាមគ្គីភាព

ភ្នំពេញ ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានបកស្រាយថា ការសម្រេចគ្នាជាឯកច្ឆ័ន្ទ ក្នុងការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ នាពេលអនាគត ដោយសារតែមានការឯកភាពគ្នាផ្ទៃក្នុង និងសាមគ្គីភាព ។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហើយដែលជាសមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល ចំនួន៧៧៥រូប លើបរិមាណរួម៨៦៥រូប បោះឆ្នោតគាំទ្រ ជាឯកច្ឆ័ន្ធឲ្យធ្វើជាបេក្ខភាព នាយករដ្ឋមន្រ្តីពេលអនាគត នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។

ក្រុមប្រឆាំងទាំងក្នុង និងក្រៅប្រទេសលើកឡើង ពីការរិះគន់ពីការប្រកាសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីពេលថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខភាព នាយករដ្ឋមន្ដ្រី តែមួយនេះ ចាត់ទុកថា ជាការប្រកួតប្រជែងធ្វើបេក្ខភាព នាយករដ្ឋមន្ដ្រីហាក់បីដូចជា គ្មានដៃប្រកួត ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាល លោក សួស យ៉ារ៉ា បានឆ្លើយតបវិញថា ការលើកឡើងរបស់ក្រុមឆាំងទាំងនោះ ជាសេរីភាពរបស់ពួកគេ។

លោកបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មានការឯកភាពគ្នាផ្ទៃក្នុង ហើយមានសាមគ្គីភាពគ្នារឹងមាំ ព្រោះការទប់ទល់ជាមួយសត្រូវ និងការបៀតបៀន នៃការដណ្ដើមភូមិសាស្ដ្រនយោបាយ របស់មហាអំណាច ការរក្សាបានសន្ដិភាព ស្ថេរភាពវាធំជាងការប្រកួតប្រជែងផ្ទៃក្នុង ឬដណ្ដើមបេក្ខភាព ឬដណ្ដើមតួនាទីជានាយករដ្ឋមន្ដ្រី លើសពីអ្វីៗទាំងអស់»។

លោកបន្ដថា «ដូច្នេះសន្ដិសុខរបស់ប្រជាជន និងសុវត្ថិភាពរបស់ជាតិរបស់យើង គឺជាកត្តាសំខាន់ ជាងការគិតគូរទៅលើផ្នែកបុគ្គល ដើម្បីប្រកួតប្រជែង ធ្វើជាបេក្ខជន ដូច្នេះមិនមែនមានន័យថា អត់មាន អ្នកមានសមត្ថភាព ក្នុងការប្រកួតប្រជែងទេ ប៉ុន្ដែទាំងអស់គ្នា ទោះបីមានសមត្ថភាព ទោះបីប្រកែកប៉ុណ្ណាក៏ដោយ ទាំងអស់គ្នាបម្រើជ្រុងនីមួយៗរបស់ប្រទេស ។ ចឹងការរួមគ្នាជ្រុងនីមួយៗ ផ្គុំបានធនធានមួយពិសេសគឺ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនតែមួយគត់របស់យើង»។

លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានបង្ហាញ បេក្ខភាពនាយករដ្ឋមន្ដ្រី នាពេលអនាគត ហើយគណបក្សផ្សេង ក៏មានសិទ្ធិបង្ហាញបេក្ខភាព របស់ពួកគេ ដើម្បីមកប្រកួតប្រជែង។ លោកថា លោកហ៊ុន ម៉ាណែត មានគុណសម្បត្តិច្រើន ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងតស៊ូ ក្នុងបេសកម្មនានារបស់ជាតិ ដោយពិតប្រាកដ ដូច្នេះលោក ហ៊ុន ម៉ាណែត នៅពេលធ្វើនាយករដ្ឋមន្ដ្រី នឹងយកឈ្នះក្នុងការបោះឆ្នោតជាមួយ គណបក្សផ្សេងៗទៀត។

នាឱកាសនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងថា ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានសារនយោបាយជាច្រើន ហើយសម្ដេច បានផ្ដាំផ្ញើដល់អ្នកដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរក្សាឲ្យបាននូវសន្ដិភាព ស្ថេរភាពនយោបាយ និងសន្ដិសុខ ជូនជាតិ និងប្រជាជន ទោះបីក្នុងតម្លៃណាក៏ដោយ ជាពិសេ ត្រូវការពារអាយុជីវិតរបស់ប្រជាជន ក្នុងដំណាក់កាលកូវីដ-១៩។

សម្ដេចតេជោ បានណែនាំដល់សមាជិក-សមាជិការ ទាំងអស់ ត្រូវប្ដេជ្ញាចិត្តបន្ដទប់លំនឹងសេដ្ឋកិច្ច និងស្ដារជីវិភាពប្រជាជនឲ្យបានលឿន ក្នុងដំណាក់កាលកូវីដ-១៩។

ពាក់ព័ន្ធបោះឆ្នោតជ្រើសរើស សម្ដេច ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ធ្វើជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបន្ថែមទៀតនោះ អ្នកនាំពាក្យរូបនេះបញ្ជាក់ឲ្យដឹងពីមូលហេតុថា ដោយសារតែគណបក្សបានគ្រប់គ្រងអំណាចដ៏យូរអង្វែង ជាពិសេស មានសាមគ្គីភាពផ្ទៃក្នុងល្អ ទើបរើសបន្ថែមបែបនេះ ៕

To Top