ព័ត៌មានជាតិ

ប.ស.ស. ប្រជុំពិភាក្សាកែសម្រួល​ សេចក្តីព្រាង អនុក្រឹត្យស្ដីពី របបសន្តិសុខសង្គម​ ផ្នែកហានិភ័យការងារ សម្រាប់បុគ្គល នៃវិស័យសាធារណៈ

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីបែបបទនៃការអនុវត្ត យន្តការសម្របសម្រួល នៃបេឡាជាតិសន្តិសុខសង្គម ក្រោមការចាត់តាំង ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា កែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ និងបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ។

លោកប្រធាន បានថ្លែងឱ្យដឹងថា៖ សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន អត្រាភាគទាន ការទាមទារ និងការផ្តល់តាវកាលិក របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ក្នុងបេឡាជាតិសន្តិសុខសង្គម សម្រាប់បុគ្គលនៃវិស័យសាធារណៈ និងបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដើម្បីធានាបាននូវ សង្គតិភាព ចីរភាព និងសន្តិសុខប្រាក់ចំណូល នៅពេលដែលសមាជិក ប.ស.ស. ជួបប្រទះគ្រោះថ្នាក់ ដែលបណ្តាលមកពីហានិភ័យការងារ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលសេចក្តីព្រាង អនុក្រឹត្យខាងលើនេះផងដែរ លោក ហេង សុផាន់ណារិទ្ធ ក៏បានស្នើឲ្យក្រុមការងារទាំងអស់ ត្រូវពិភាក្សាឲ្យគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលនូវធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលឲ្យសេចក្តីព្រាង អនុក្រឹត្យមួយនេះ ប្រកបដោយភាពត្រឹមត្រូវ និងកាន់តែមានលក្ខណៈល្អប្រសើរ មុននឹងដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ពិនិត្យសម្រេច។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថា្នក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. ប្រមាណជាង ១០រូប៕

To Top