ព័ត៌មានជាតិ

ឃុំខ្លួន ប្រធានគណបក្សខ្មែរក្រោក និងគូកន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការប្លន់ ប្រដាប់អាវុធដ៏កក្រើក នៅភ្នំពេញ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន៤នាក់ ក្នុងនោះ មេខ្លោង គឺជាប្រធានគណបក្សខ្មែរក្រោក ជាប់ពាក់ព័ន្ធនឹងករណី ប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង ប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ​របស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនត្រូវចោទទាំង៤នាក់ ខាងលើនេះ មានឈ្មោះ៖ ទី ១-ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ សុខសុវណ្ណ វឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំមុខរបរ ប្រធាន គណបក្សខ្មែរក្រោក និងជាមេខ្លោងចោរប្លន់ ផ្ទះអ្នកលក់ឡេតាមអនឡាញ អ៊ាន សៀវម៉ី មានស្រុកកំណើត នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម មានអាស័យដ្ឋាន ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី ២-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី ៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ ៨ផ្លូវ លេខ៣ សង្កាត់ចក្រ អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ និងទី ៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាមគ័ង) មុខរបរ លក់ដូរ ស្នាក់នៅ បុរី ប៉េងហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពួកគេទាំង៤នាក់ ត្រូវបានជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត និងត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ខែធ្នូ៕ដោយ: រស្មី អាកាស

To Top