នយោបាយ

លោក សយ សុភាព៖ បើដឹងថាទៅរស់នៅស្រុកគេ ជួបការលំបាក ហេតុអីក៏នៅចង់ទៅ?

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហោះនូវសារ ឌឺដងទៅកាន់មេដឹកនាំនៃប្រទេសមួយ ដែលបានត្អូញត្អែរ ក្នុងករណីទាំងដែល ជនជាតិរបស់ខ្លួន រត់មករស់នៅ លើទឹកដីរបស់គេនោះ ថា បើដឹងថាទៅរស់នៅស្រុកគេ ជួបការលំបាក ហេតុអីក៏នៅចង់ទៅ?។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានសរសេររៀបរាប់យ៉ាងដូច្នេះថា «បើដឹងថាទៅរស់នៅស្រុកគេ ជួបការលំបាក ហេតុអីក៏នៅចង់ទៅ? ចុះម៉េចមិនវិលទៅ ឬមកទ្រនំដើមវិញ? ហេតុអីចាំបាច់ស្រែកតំអូញ? ចុះបើអ្នកឯងវិញ យល់យ៉ាងណាដែរ?»។

លោក សយ សុភាព គួសបញ្ជាក់ថា «អាមេរិកអាក្រក់ជាងនេះ ឆ្ងាយណាស់បញ្ជូនជនជាតិខ្មែរ ត្រឡប់មកខ្មែរវិញបើពួកគាត់ធ្លាប់កើត និង រស់នៅអាមេរិករាប់ឆ្នាំក៏ដោយ។ ហេតុអ្វីមករករឿងអីតែខ្មែរ។
ប្រវត្តិសាស្ត្របានបង្ហាញប្រាប់ ហើយនូវរឿងរ៉ាវកន្លងមក តើអ្នកឯងដែលវិលត្រឡប់ទៅវិញទេ?»។

លោក សយ សុភាព សង្កត់ធ្ងន់ថា «២៩ ធ្នូ ១៩៩៨ ខ្មែរបានសន្តិភាពទាំងស្រុង និងឯករាជ្យ ហើយឥឡូវនេះ ខ្មែរជាប្រទេសអធិបតេយ្យ ។ ដូច្នេះគ្មានអ្នកណាម្នាក់ មករំលោភអធិបតេយ្យជាដាច់ខាត»។

សូមរំលឹកថា បើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេលជំនួបកាលពីថ្ងៃពុធជាមួយមន្ត្រីនៅស្ថានទូតវៀតណាម និងអ្នកតំណាងធុរកិច្ច និងសហគមន៍វៀតណាមនៅកម្ពុជា លោក ង្វៀន សួនហ្វុក បាននិយាយថា «គ្មានសហគមន៍ណាដែលជួបប្រទះការលំបាកច្រើនដូចជនជាតិវៀតណាមនៅកម្ពុជាទេ»។

ក្នុងនោះមេដឹកនាំវៀតណាម រូបនេះ បានសន្យាថានឹងគាំទ្រជនជាតិភាគតិចវៀតណាម នៅក្នុងប្រទេសកម្ពុជា ឲ្យឆាប់មានអត្តសញ្ញាណស្របច្បាប់ ខណៈដែលពួកគេមិនមែន ជាពលរដ្ឋដែលបានចុះបញ្ជី នៅក្នុងប្រទេសទាំងពីរ៕

To Top