ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថាបេក្ខជន វិជ្ជមានជំងឺកូវីដ-១៩ ត្រូវទៅទទួលការព្យាបាល មិនអនុញ្ញាតឱ្យចូលប្រឡងឡើយ បើបេក្ខជនមិនបានប្រឡង ១វិញ្ញាសារ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
តាមរយៈសារសំឡេង បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក រស់ សុវាចា បានបញ្ជាក់ថា «ករណីបេក្ខជន វិជ្ជមានជំងឺកូវីដ-១៩ ត្រូវទៅទទួលការព្យាបាល ស្របតាមវិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឱ្យ ចូលប្រឡងឡើយ ដើម្បីជៀសវាងការចម្លង ជំងឺនៅក្នុងមណ្ឌល ប្រឡង»។
លោក បន្ដថា «តាមយន្តការបច្ចេកទេសកន្លងមក ចំពោះ បេក្ខជនអវត្តមានដោយមូលហេតុបុគ្គល ចាប់ពី១វិញ្ញាសាឡើងទៅ ត្រូវកំណត់ឱ្យធ្លាក់ ដោយស្វ័យប្រវត្តិ»។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ (បាក់ឌុប)នេះ មានរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះតទៅ ហេីយមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។
លេីសពីនេះទៀត សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕