ព័ត៌មានជាតិ

អភិបាលខេត្ត កំពង់ចាម ជម្រុញឲ្យអាជ្ញាធរ ខិតខំបន្ថែមទៀត លើការងារបម្រើសេវា ជូនប្រជាពលរដ្ឋ ក្រោយពីបានទទួលស្នាក់ការថ្មី

កំពង់ចាម ៖ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការគណបក្សប្រជាជន ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា អាជ្ញាធរឃុំកោះអណ្តែត សូមបន្តយកចិត្តទុកដាក់ បង្កើននូវប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋអត់បានកាន់តែល្អប្រសើរ ។ ត្រូវជៀសវាង ការអូសបន្លាយក្នុងការផ្ដល់សេវា ដើម្បីឆ្លៀតឱកាសទទួលផលប្រយោជន៏ពីប្រជាពលរដ្ឋ ក្រៅពីកម្រៃសេវាដែលកំណត់ដោយរដ្ឋ។ ហើយប្រសិនបើមានឯកសារខ្លះ ធ្វើឲ្យការបំរើសេវាមានការយឺតយ៉ាវ សូមធ្វើការរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីរកវិធីស្រាស្តធ្វើការដោះស្រាយ ដើម្បីពង្រួញនីតិវិធី បង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត ក៏បានជម្រុញដល់អាជ្ញាធរស្រុកស្រីសន្ធរ ត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគឺការទប់ស្កាត់នូវបទល្មើសនានា ដូចជាល្បែងស៊ីសងជាដើម ៕

To Top