ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម បញ្ជាឱ្យដក និងបំផ្លាញបង្គោលព្រំដី ដែលជនខិលខូច ទន្ទ្រានយកដីខុសច្បាប់ ក្នុងស្រុកអូររាំង

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញបទបញ្ជាឲ្យអាជ្ញាធរដក និងបំផ្លាញបង្គោលព្រំដី ដែលទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន លើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ ពីសំណាក់ជនអនាធិបតេយ្យ ក្នុងភូមិសាស្រ្តឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។

ក្នុងឱកាសចុះមកពិនិត្យទិដ្ឋភាពជាក់ស្តែងនៃការកាប់ ឈូសឆាយ និងដុតបំផ្លាញ ដើម្បីទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ពី សំណាក់ជនអនាធិបតេយ្យ ស្ថិតក្នុងភូមិសាស្រ្ត ឃុំសែនមនោរម្យ ស្រុកអូររាំង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «ភាគីពាក់ព័ន្ធសហការជាមួយអាជ្ញាធរខេត្ត តុលាកា និងកងកំលាំងមានសមត្ថកិច្ច ចាត់កំលាំងចុះមកដក និងបំផ្លាញបង្គោលព្រំដីទាំងអស់ ព្រមទាំងប្រមូលវត្ថុតាង កសាងសំណុំរឿងទៅតុលាកា»។

លោក បន្ដថា រៀបចំសាងសង់ស្នាក់ការ ឬជាប៉ុស្តិត្រួតពិនិត្យ និងលើប៉ាណូជាផែនទីបញ្ជាក់ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា រៀបចំផែនការអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់រុក្ខទេសចរណ៍ ស្ថានីយបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិលម្អ និងឱសថ ធ្វើយ៉ាងណាប្រើប្រាស់ព្រៃចម្លារស្រល់ឲ្យសក្តានុពល ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលអនាគត៕

To Top